មានឆ្ងល់ទេ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ស្ទើរតែទាំងអស់ តែចំណាត់ថ្នាក់ FIFA Ranking នៅតែខ្លាំងក្នុងតំបន់អាស៊ាន

0
9667

បើតាមចំណាត់ថ្នាក់ថ្មី ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១៦៩ បើគិតក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅពាក់កណ្តាលគេ ពោលគឺលើក្រុមជាច្រើនក្នុងតំបន់ដូចជា ម៉ាឡេសុី ឡាវ ទីម័រខាងកើត​ និង ព្រុយណេ។

ចំណាត់ថ្នាក់នេះ មិនមែន​បានមកដោយចែដន្យនោះទេ ពោលគឺផ្អែកទៅលើការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA។ ដោយកម្ពុជាប្រកួតចាញ់ក្រុមដែលមានចំណាត់ខ្ពស់ឆ្ងាយជាងកម្ពុជា ដូចជា ជប៉ុន (ចំណាត់ថ្នាក់៥៤) សុីរី (ចំណាត់ថ្នាក់៧៤) ហ្សកដានី(ចំណាត់ថ្នាក់១១០) វៀតណាម (ចំណាត់ថ្នាក់១០២) ដែលធ្វើអោយកម្ពុជាមិនបាត់បង់ពិន្ទុច្រើនឡើយ នៅពេលប្រកួតទល់នឹងក្រុមដាច់ឆ្ងាយបែបនេះ តែបើកម្ពុជាឈ្នះកម្ពុជា នឹង ទទួលបានពិន្ទុវិញយ៉ាងច្រើន។

ចំណែកឯ ការប្រកួតចុងក្រោយកម្ពុជា បានប្រកួតចាញ់ក្រុមចំណាត់ថ្នាក់ខ្សោយជាងខ្លួនគឺ ម៉ាឡេសុី ហេតុអ្វីក៏នៅតែកម្ពុជានៅតែ​ឈរលើម៉ាឡេសុី?

ជាការពិតណាស់កម្ពុជា ចាញ់ក្រុមដែលមានចំណាត់ថ្នាក់ខ្សោយជាងខ្លួន (ចំណាត់ថ្នាក់១៧១) តែដោយសារតែក្រុមមួយនេះ មិនស្ថិតនៅចំណាត់ថ្នាក់ទាបជាងកម្ពុជាខ្លាំង ទើបធ្វើឲ្យកម្ពុជាបាត់បង់ពិន្ទុមិនសូវជាច្រើនប៉ុន្មាននោះទេ។ ដូចនេះហើយ វាជាមូលហេតុដែលក្នុងខែនេះ កម្ពុជាធ្លាក់ចុះចំនួនតែ៣ចំណាត់ថ្នាក់ ពោលគឺពី ១៦៦ មក ១៦៩៕

ដោយ៖ ​Coura ប្រភព ​(FIFA)

Loading...