សុីហ្គេមចុងឆ្នាំនេះ ភីលីពីន បើកឱ្យវិញ្ញាសារបាល់ទាត់ អាចដាក់កីឡាករលើសអាយុបាន ២ នាក់

0
81

ការប្រកួតកីឡាអាស៊ាន ឬ សុីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ ដែលភីលីពីនធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងបើកនៅថ្ងៃទី ៣០ ខែវិច្ឆិកា និង បិទបញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ ដោយរំពឹងថានឹងមានកីឡាករ និង កីឡាការនីចំនួនជិត ១ ពាន់នាក់ចូលរួម ក្នុង ៥៥០ កម្មវិធី នៃកីឡាចំនួន ៦១ ប្រភេទ ដែលក្នុងនោះក៏មានបាល់ទាត់ផងដែរ ។

ក្នុងវិញ្ញាសារបាល់ទាត់ត្រូវបានគេកំណត់យកឈុតយុវជនអាយុក្រោម ២២ ឆ្នាំ មកចូលរួមប្រកួតផ្នែកវិញ្ញាសារបាល់ទាត់ផ្នែកបុរស ដោយមានគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ចំនួន ១១ ប្រទេសចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារនេះ ។ ក្នុងនោះដែរដើម្បីឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងក្នុងវិញ្ញាសារនេះ សហព័ន្ធបាល់ទាត់អាស៊ាន បានយល់ព្រមសំណើរពីម្ចាស់ផ្ទះ ក្នុងការកំណត់ដោយអនុញ្ញាតិឱ្យមានកីឡាករដែលលើស ២២ ឆ្នាំចំនួន ២ រូប មានសិទ្ធិលេងក្នុងក្រុមជម្រើសជាតិនីមួយៗ ។

គួរបញ្ជាក់ផងដែរថា កាលពីសុីហ្គេម ឆ្នាំ ២០១៧ ថៃ គឺជាជើងឯក ខណៈដែលម្ចាស់ផ្ទះម៉ាឡេសុីជាជើងឯករង ខណៈដែលកម្ពុជាធ្លាក់ក្នុងពូលដោយប្រកួត ៥ ប្រកួតចាញ់ទាំង ៥ ប្រកួត ក្នុងវិញ្ញាសារបាល់ទាត់ផ្នែកបុរសនេះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFF

Loading...