ក្លិបបាល់ទាត់ Khon Khean United នៃលីគទី ២ របស់ប្រទេសថៃ បានប្រកាសជាសាធារណៈថា ខ្លួនបានសម្រេចចិត្តបន្តកិច្ចសន្យាដល់កីឡាកររបស់ខ្លួនគ្រប់គ្នា និង បុគ្គលិកទាំងអស់រហូតដល់ទៅដំណាច់ឆ្នាំ ២០២១ ដោយមិនខ្វល់អំពីវិបត្តិកូវីដ ១៩ អ្វីទាំងអស់ ។
នេះវាហាក់ខុសប្លែកពីក្លិបដទៃទៀត ក្នុងក្របខណ្ឌលីគកំពូលក៏ដូចជាលីគទី ២ ថៃ ដែលបានឆ្លៀតឱកាសដ៏ល្អកម្រនេះ ដើម្បីរំសាយកិច្ចសន្យាកីឡាករនានាក្នុងក្លិប ជាពិសេសកីឡាករបរទេស ដោយមិនបានប្រាក់ខែ និង សំណងអ្វីទាំងអស់ទៅដល់កីឡាករ ។
ចំពោះមូលហេតុត្រូវបានគេដឹងថា ដោយសារតែក្លិបមួយនេះចង់ទុកកីឡាករ និង ទម្រង់លេងរបស់ខ្លួនដើម្បីប្រជែងពាន និង ឡើងទៅកាន់លីគកំពូលវិញ ខណៈដែលក្លិបផ្សេងៗបានបន្ធូរដៃ និង មានបញ្ហាដោយសារកូវីដ ១៩ ៕