លោក Park ថាឆ្នាំនេះ វៀតណាម​ ចាញ់កម្ពុជា ដាច់ផឹងរឿងឈុតយុវជន

លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលខ្លួនកំពុងតែជ្រើសរើសកីឡាករអាយុក្រោម ២១ ឆ្នាំ ដើម្បីត្រៀមលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា ក្រុមនានានៃលីគកំពូលវៀតណាម កំពុងតែស្រេចឃ្លានជ័យជម្នះ​ ដូចនេះកីឡាករយុវជនត្រូវបានគេដាក់ឱ្យបម្រុងហើយស្ទើរតែមិនបានលេងសោះពេញ ១ រដូវកាល ខណៈដែលពួកគេផ្តោតតែទៅលើកីឡាករបរទេស និង កីឡាករចាស់ៗដែលលេងបានល្អ ។ ងាកមកមើលកម្ពុជាវិញ ត្បិតតែមានកីឡាករបរទេសលេងក្នុងលីគដូចគ្នាមែន ក៏ប៉ុន្តែពី ១ ឆ្នាំទៅ ១ ឆ្នាំកីឡាករវ័យក្មេងកម្ពុជា មានការកើនឡើងទាំងជម្រើសជាតិ និងក្នុងលីគកំពូល ហើយភាគច្រើនបានលេងក្នុងឈុតធំដូចជាក្លិប ភ្នំពេញក្រោន បឹងកេត និង វិសាខាជាដើម ៕