លោក Kiatisak Senamuang (Zico) ដែលទើបតែឡើងកាន់តំណែងជាគ្រូបង្គោលរបស់ក្លិប Hoang Anh Gia Lai (HAGL) បានប្រកាសអំពីគម្រោងថ្មីដែលលោកបានលើកទៅកាន់ប្រធានក្លិបមួយនេះ ដើម្បីទាញយកកីឡាករថៃល្អៗ មកកាន់លីគកំពូលវៀតណាម ក្នុងការត្រៀមលើកពាន V-League 1 រដូវកាល ២០២១ ខាងមុខនេះ ។
ទាក់ទងទៅនឹងគម្រោងថ្មីនេះ លោកបានបញ្ញាក់ថា កីឡាករសញ្ជាតិថៃដែលមកលេងនៅទីនេះ (លីគកំពូលវៀតណាម) នឹងទទួលបានថ្លៃឈ្នួលច្រើនកប់ពពក មិនចាញ់កីឡាករមកពីអ៊ឺរ៉ុបឡើយ ។ លោកបានបន្ថែមថា មិនថាតែក្លិបដែលលោកកាន់តំណែងឡើយ លោកនឹងព្យាយាមនាំកីឡាករថៃ មកកាន់ក្លិបផ្សេងៗទៀតនែលីគវៀតណាមនេះ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ។
លោកក៏បានបង្ហើបថា គម្រោងនេះបានទទួលភ្លើងខៀវពីប្រធានក្លិបហើយ ដោយជាដំណាក់កាលដំបូង គឺលោកនឹងនាំយកកីឡាករដែលជាប់ជម្រើសជាតិថៃ មកមុន ពីព្រោះគោលដៅរបស់ប្រធានក្លិបគឺឈ្នះជើងឯកលីគកំពូលវៀតណាម រដូវកាល ២០២១នេះ ៕
ប្រភព៖ SMMSPORT