កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ូបេគីស្ថាន Alisher Mirzaev កំពុងតែត្រូវបានក្លិបវិសាខារៀបចំត្រៀមដើម្បីធ្វើការផ្ទេរចេញទៅឱ្យក្លិបបាល់ទាត់ថ្នាក់ខេត្តមួយ គឺក្លិបខេត្តព្រៃវែង ដែលកំពុងតែឈរលើកំពូលតារាងលីគទី ២ កម្ពុជា សម្រាប់រដូវកាល ២០២១ ខាងមុខនេះ ។
ចំពោះការផ្ទេរចេញនេះ ត្រូវបានលេចឮថាគេនឹងមានកុងត្រានៅក្លិបខេត្តព្រៃវែង រយៈពេល ១ រដូវកាល ។ ចំពោះការផ្ទេរនេះវាគឺជាគម្រោងស្ថិតនៅក្នុងការព្រៀងទុកនៅឡើយ ពីព្រោះវាអាចទៅរួចដរាបណាក្លិបខេត្តព្រៃវែង ឈ្នះជើងឯកលីគទី ២ កម្ពុជា ។
គួរឱ្យដឹងដែរថា កីឡាករខាងលើត្រូវបានវិសាខានាំចូលមកកាលពីដើមរដូវកាល ២០២០ កន្លងទៅ ដោយមានកុងត្រារយៈពេល ២ ឆ្នាំ (២០២០ និង ២០២១) ។ ចំពោះក្លិបខេត្តព្រៃវែង គឺជាក្រុមដែលមានភាគរយឡើងមកកាន់លីគកំពូលច្រើនជាងគេ ដោយសារតែក្រុមកំពូលតារាងទាំង ៤ នៃលីគទី ២ ដែលមានសិទ្ធិឡើងមកលីគកំពូលនេះ គឺអាចមានតែព្រែវែង និងក្លិប ISI ដង្កោសែនជ័យប៉ុណ្ណោះ ដែលមានសិទ្ធិឡើងមកបាន ៕
ប្រភពៈ FootballTeeNDee