វិសាខា ត្រូវរ៉ាប់រងជំនួបក្រៅដីទាំង ២ ប្រកួត ក្នុងវគ្គជម្រុះ AFC CUP 2021

ការប្រកួតពានរង្វាន៉ AFC CUP 2021 វគ្គជម្រុះជុំទី ២ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ដោយក្នុងនោះក្រុមតំណាងឱ្យកម្ពុជា គឺវិសាខា និង ត្រូវប្រកួតគ្នាទល់នឹង ក្រុម Lalenok United FC ដែលជាជើងឯកលីគកំពូលទីម័រខាងកើត ។
ការប្រកួតនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ានកំណត់យកកីឡដ្ឋានក្នុងប្រទេសម៉ាឡេស៊ីធ្វើជាទឹកដីកណ្តាលសម្រាប់ការប្រកួត ។ ការប្រកួតនេះនឹងធ្វើឡើងតែមួយជើងតែប៉ុណ្ណោះ ដោយក្រុមដែលឈ្នះនឹងទទួលបានកៅអីឡើងទៅកាន់វគ្គជម្រុះ ជុំទី ៣ ជាបន្ត ដោយនឹងប៉ះជាមួយនឹងក្រុមខ្លាំងមកពីឥណ្ឌូនេស៊ី Persipura Jayapura ដែលជាក្រុមលេខ ២ នៃលីគកំពូលឥណ្ឌូនេស៊ី នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ហើយការប្រកួតនេះ នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Mandala Stadium នៃខេត្ត Persipura ដែលជាទឹកដីរបស់ក្រុម Persipura Jayapura ដែជាម្ចាស់ផ្ទះ ។ ដើមឡើយការប្រកួតជុំទី ២ ត្រូវធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលក្រុមវិសាខា គ្រោងនឹងខ្ចីពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រើប្រាស់ជាទឹកដី ។ ក៏ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានតម្រូថឱ្យផ្លាស់ប្តូរទៅកាន់ទឹកដីម៉ាឡេស៊ីនេះវិញ គឺដោយសារតែកម្ពុជា នៅមានច្បាប់តម្រូថឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ​ ដែលអាចខាតពេលវេលាប្រកួត ក៏ដូចជាចំណាយច្រើនសម្រាប់ AFC ៕