សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានទទួល ៣ពិន្ទុពេញលើកដំបូងក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ដោយលទ្ធផល ២-១ ក្នុងជំនួបសប្ដាហ៍ទី៣ នៅកីឡដ្ឋាន AEU Sport Park កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខណៈកីឡាករ Dzarma Bata គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមភ្ញៀវ នៅនាទីចុងម៉ោង។
ការប្រកួតតែ ១គូគត់ក្នុងសប្ដាហ៍ទី៣ នេះ វគ្គទី១ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ ចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមកងយោធពលខេមរភូមិន្ទរហូតដល់នាទី៦៦ ទើបកីឡាករ ណារ៉ុង កក្កដា ស៊ុតគ្រាប់បាល់នាំមុខ ១គ្រាប់មុនឲ្យក្រុមភ្ញៀវ។ បន្ទាប់មកអាស៊ីអឺរ៉ុបបានវាយបកតាមស្មើវិញ ១-១ ដែលធ្វើសម្រេចដោយកីឡាករ Abee Ngdoo Hurbert នៅនាទី៨៣។ បន្ទាប់ពីការវាយបកស្មើគ្នានៅនាទីចុងម៉ោង ក្រុមទាំងពីរបានដាក់សម្ពាធគ្នាកាន់តែខ្លាំង តែគេមិនរំពឹងមានក្រុមណាអាចបន្ថែមគ្រាប់បាល់ទៀតឡើយ ក្រោយបញ្ចប់ ៩០នាទីលទ្ធផលពុំទាន់ប្រែប្រែល។ ប៉ុន្ដែឱកាសទទួលបាន ១ពិន្ទុរបស់អាស៊ីអឺរ៉ុប ត្រូវបានបាត់បង់ទៅវិញនៅនាទីបន្ថែម ៤នាទីចុងក្រោយ បន្ទាប់ពីកីឡាករ Dzarma Bata រកបានគ្រាប់បាល់ទី២ ឲ្យក្រុមកងយោធពលខេមរភូមិន្ទ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។
តាមរយៈជ័យជម្នះលើកដំបូងនេះ បានធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទ ហក់ឡើងឈរលេខរៀងទី២ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១ រកបាន ៤ពិន្ទុស្មើក្រុមអង្គរថាយហ្គឺរ ខណៈប្រកួតបើកក្រុមលោក ហោ សុខហេង បានប្រកួតស្មើវិសាខា ០-០។ រីឯក្រុមអាស៊ីអឺរ៉ុបបានបន្ដឈរលេខរៀងទី១២ ដោយមិនទាន់មានពិន្ទុរ៉ាប់ឡើយ ក្រោយចាញ់ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូងចាញ់គិរីវង់ ៤-២៕
ប្រភព៖ BTV