អនាគតរបស់ Harry Kane ជាមួយក្លឹប Tottenham Hotspur ត្រូវបានគេសង្ស័យថាអាចនឹងឈានដល់ផ្លូវបែកនៅបញ្ចប់រដូវកាលនេះ ពោលបន្ទាប់ពីក្លឹបបន្តបាត់បង់ឱកាសប្រជែងពានរង្វាន់នានា ដោយសព្វថ្ងៃគឺសល់តែពាន EFL Cup ដែលត្រៀមប៉ះ Man City នៅខែក្រោយមួយប៉ុណ្ណោះ។

ស្របពេលដែលកត្តាអាយុឈានចូលវ័យ ២៨ ឆ្នាំនៅខែកក្កដាខាងមុខ នាំឲ្យ Kane កាន់តែចង់គិតអំពីអនាគតខ្លួន ក្នុងការផ្លាស់ប្តូរទៅចូលរួមនៅក្លឹបធំឯទៀតដើម្បីឈ្នះពានរង្វាន់ខ្លះ មិនថាតែពានលីគឬពានរង្វាន់អឺរ៉ុប។
យ៉ាងណាជាមួយ Spurs កីឡាករអង់គ្លេសជាប់សុពលភាពកុងត្រាដល់ឆ្នាំ ២០២៤ ឯណោះ បែបនេះបើរង់ចាំទៀតគឺយូរ អ៊ីចឹងមានតែបង្ខំចិត្តស្នើក្លឹបដើរចេញត្រឹមរដូវកាលនេះតាមដែលអាចធ្វើទៅបាន។


តាមរបាយការណ៍ពី The Athletic ចុះផ្សាយថា Kane នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញទៅចូលរួមតែជាមួយក្លឹបក្រៅក្របខ័ណ្ឌ Premier League តែប៉ុណ្ណោះ ពោលមិនឲ្យទៅលេងនៅក្លឹបធំៗដែលជាគូប្រជែងរបស់ Spurs នោះឡើយ។ ជាងនេះចំពោះតម្លៃខ្លួនគឺទាមទារយ៉ាងហោចណាស់ ១២០ លានផោន និយាយទៅបើក្រោមនោះគឺមិនចាំបាច់ចូលចរចាច្រើនឡើយ។
រំឭកថាជាមួយ Spurs អតីតយុវជនថ្នាលនៅ Arsenal គេរកបាន ២១៥ គ្រាប់និង Assist ៤៦ លើកនៅការបង្ហាញខ្លួន ៣២៧ ប្រកួតសរុប៕
ប្រភព៖ CTS