កីឡាករចាស់ជាងគេបំផុត នៅ MCL គ្មានគម្រោងចូលនិវត្តន៍អ្វីបន្តិចសោះ !

0
302

ស្ថិតក្នុងវ័យ៣៥ឆ្នាំទៅហើយ អ្នកចាំទី ពេជ្រ រ៉ូវិនយោធិន នៅមិនទាន់កំណត់ពេលវេលាដែលត្រូវចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឡើយទេ ហើយបច្ចុប្បន្នគេក៏ជាជម្រើសមិនអាចខ្វះបានសម្រាប់អាស៊ីអឺរ៉ុបយូណាយធីត។

អតីតអ្នកចាំទីជម្រើសជាតិកម្ពុជាបញ្ជាក់បែបនេះ “៖រឿងហ្នឹងខ្ញុំក៏មិនទាន់ដឹងដែរ វាអាស្រ័យទៅលើពេលវេលាថា អាចបន្តឬបញ្ចប់អាជីពមួយនេះ។” ទាក់ទងទៅនឹងមូលហេតុអាចបន្តអាជីពបានយូរទោះវ័យកាន់តែច្រើន កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺ អះអាងថា ដោយសារតែបានអនុវត្តទម្លាប់សំខាន់ៗចំនួន២ដែលមានការថែទាំសុខភាព និងការប្រឹងប្រែងហ្វឹកហាត់។

កីឡាករធ្លាប់លេងនៅណាហ្គាខប (បច្ចុប្បន្នណាហ្គាវើលដ៍) ពន្យល់ “៖ ទីមួយការថែទាំសុខភាពឲ្យបានល្អ ដូចជា ការកាត់បន្ថយការហូបគ្រឿងស្រវឹង, សម្រាកឲ្យបានច្រើន និងមួយទៀតការក្សាទម្ងន់កុំឲ្យឡើង។ បើការលេងលើទីលានវិញ គឺ ពេលហ្វឹកហាត់ ត្រូវធ្វើ១០០ភាគរយ មានន័យថា យើងត្រូវយកចិត្តទុកដាក់ ផ្តោតអារម្មរណ៍ទៅលើលំហាត់ដែលគ្រូដាក់ឲ្យធ្វើ ហើយធើ្វវាឲ្យអស់ពីលទ្ធភាព នោះពេលយើងចូលទៅប្រកួតនឹងមានទំនុកចិត្តលើខ្លួនឯង មិនភ័យ មិនបារម្ភ ហើយលេងបានល្អទៀតផង។ នេះជាការយល់ឃើញរបស់ខ្ញុំ។”

មុនឈានជើងចូលអាស៊ីអឺរ៉ុបយូណាយធីត រហូតដល់បច្ចុប្បន្ន ពេជ្រ រ៉ូវិនយោធិន ធ្លាប់ប្រកបអាជីពបាល់ទាត់នៅណាហ្គាខប, ស៊ីម៉ាក់យូណាយធីត និងឆ្លាមសមុទ្រជាដើម ព្រមទាំងក្រុមជម្រើសជាតិកម្ពុជាចន្លោះឆ្នាំ២០០៧ និង២០០៨៕

ប្រភព ៖ CNCC

Loading...