សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសផ្លូវការពីការតែងតាំងលោក Ryu Hirose ជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗនេះ ស្របពេលលោក Honda ត្រូវបានប្រកាសតកុងត្រាថ្មីក្នុងនាមជាអ្នកចាត់ការរហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៣។
យ៉ាងណាកុងត្រាថ្មីរបស់លោក Honda ត្រូវបានសហព័ន្ធប្រកាសរួចហើយ។ ចុះកុងត្រារបស់លោក Ryu Hirose វិញ? ទាក់ទងរឿងនេះលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពន្យល់ដូច្នេះថា៖ «តាមពិតទៅយើងធ្វើកុងត្រាត្រឹមលោក Honda ប៉ុណ្ណោះ ដោយយើងធ្វើកុងត្រាដល់ចប់ស៊ីហ្គេមឆ្នាំ២០២៣។ ចំណែកកុងត្រារបស់លោក Ryu Hirose វិញគឺស្ថិតនៅលើលោក Honda ជាអ្នកចាត់ចែង។ មិនមែនតែគ្រូធំទេ ដែលស្ថិតក្រោមលោក Honda អ្នកចុះកុងត្រានៅមានលោកគ្រូបង្វឹកផ្សេងៗទៀត រួមទាំងក្រុមការងារមួយចំនួនទៀតក្នុងក្រុមជម្រើសជាតិ។ ដូច្នេះបើសិនដល់ពេលកំណត់ឆ្នាំ២០២៣បញ្ចប់ ហើយយើងបញ្ចប់ជាមួយ Honda មានន័យថា យើងបញ្ចប់ជាមួយគ្រូបង្វឹកដូច្នេះដែរ»។
រំលឹកថា Honda ជាកីឡាបាល់ទាត់កម្ពុជាកម្រិតពិភពលោកមួយរូប ដែលចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជួយជ្រោមជ្រែងជម្រើសជាតិចាប់តាំងពីការប្រការចូលកាន់តំណែងជាអ្នកចាត់ការកម្ពុជាកាលពីខែសីហា ឆ្នាំ២០១៨ ហើយថែមទាំងមិនបានយកប្រាក់ខែពីកម្ពុជាថែមទៀតផង៕
ប្រភព៖ sabay