សហព័ន្ធហុកគីកម្ពុជា រៀបចំជើងឯកថ្នាក់ជាតិដំបូង ដោយប្រើថវិកាខ្លួនឯង

0
168
សហព័ន្ធកីឡាហុកគីកម្ពុជា បានប្រកាសពីការរៀបចំការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់សហព័ន្ធខ្លួនឯង។
May be an image of 5 people, people standing, people playing sport and indoor
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាហុកគី ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងស្របតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២០របស់សហព័ន្ធ ដោយការទទួលចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយរបស់ក្លឹប សមាគម ក្រសួងស្ថាប័ន រាជធានីខេត្ត នៅតែបន្តទទួលរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធនៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ចំពោះការចំណាយលើការស្នាក់នៅ ហូបចុក និងការធ្វើដំណើរ ជាបន្ទុករបស់សាម៉ីក្លឹប-សមាគម។
May be an image of 14 people and people standing
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ដែរថា តាមពិតការប្រកួតជើងឯកថ្នាក់ជាតិនេះ ទើបតែត្រូវបានរៀបចំជាលើកដំបូងទេ ទោះបីជាប្រភេទកីឡាហុកគីនេះ ធ្លាប់បានរៀបចំការប្រកួតក្នុងស្រុក និងធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិនានា នាពេលកន្លងមកក្តី ដោយជើងឯកថ្នាក់ជាតិលើកទី១នេះ យើងបានប្រើប្រាស់ថវិកាដោយសហព័ន្ធផ្ទាល់មិនធ្លាប់ទទួលបានបញ្ចប់ថវិកាគាំទ្រដូចសហព័ន្ធនានានោះទេ។ ការប្រកួតនេះមាន៥ក្រុមចូលរួម មកពី៣រាជធានី-ខេត្ត ដោយ៣ក្លឹបស្ថិតនៅរាជធានីភ្នំពេញ និង២ក្លឹបទៀតមកពីខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ សហព័ន្ធជំនាញមួយនេះ មិនបានរៀបចំវិញ្ញាសាច្រើនឲ្យបានទូលំទូលាយពេកទេ ដោយសារតែលទ្ធភាពរបស់ខ្លួននៅមានកម្រិត ដោយរៀបចំតែលើវិញ្ញាសាហុកគីក្នុងសាលបុរស ៥នាក់ទល់៥នាក់ ហើយក្រុមទាំង៥ នឹងត្រូវប្រកួតលក្ខណៈវិលជុំ។
May be an image of 1 person
អគ្គលេខាធិការរូបនេះបន្ថែមថា ទោះយ៉ាងនេះក្តី នៅឆ្នាំក្រោយៗ សហព័ន្ធនឹងខិតខំរៀបចំឲ្យបានច្រើនវិញ្ញាសាទាំងបុរស-នារី ប្រភេទអាយុ និងបង្កើនក្រុមចូលរួមប្រកួតប្រជែងមេដាយឲ្យបានកាន់តែច្រើន ដោយកាលណា ការប្រកួតកាន់តែច្រើន នោះសិទ្ធផលកីឡាករ កីឡាការិនីកាន់តែល្អប្រសើរទៅតាមនោះដែរ។ ដូច្នេះហើយទើបសហព័ន្ធបានដាក់ចេញជាគោលការណ៍រៀបចំការប្រកួតជើងឯក ការប្រកួតពានរង្វាន់ផ្សេងៗទៀត នាពេលខាងមុខ ដើម្បីបង្កើតបាននូវធនធានបន្ថែម និងពង្រឹងគុណភាពកាន់តែប្រសើរ ដែលតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាការប្រកួតប្រជែងក្នុងកម្រិតជំនាញខ្ពស់ជាងគេនឹងអាចស្វែងរកធនធានប្រកបដោយសមត្ថភាពផងដែរ ដើម្បីជ្រើសរើសប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ។ ជាមួយគ្នានោះ តាមរយៈការប្រកួតនេះ ក៏ជាការបង្កើនសិទ្ធផលរបស់កីឡាករ កីឡាការិនីរបស់ខ្លួន ត្រៀមឆ្ពោះទៅប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគឺការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
May be an image of one or more people, people standing, people playing sport and grass
សូមរំឭកថា ប្រភេទកីឡាហុកគីកម្ពុជា បានចូលរួមប្រកួតប្រជែងនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនដោយបានបញ្ជូនក្រុមជម្រើសជាតិនារីជាមួយនិងប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ប៉ុន្តែប្រភេទកីឡានេះ មិនទទួលបានមេដាយទេ ខណៈប្រភេទកីឡាហុកគីនេះមិនមាននៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ប៉ុន្តែហុកគីកម្ពុជា នឹងចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ នាខែមិថុនា ឆ្នាំ២០២១នេះ៕
May be an image of 10 people and people standing
ប្រភព៖ CAMSOC
Loading...