McGregor សួរ ManU តម្លៃប៉ុន្មាន ? គេចង់ទិញដាច់ !

0
152

​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ​បាន​បោះ​សម្ដី​នៅ​លើ​បណ្ដាញ​សង្គម​ថា​រូបគេ​កំពុង​ពិចារណា​ទិញ​យក​ក្លឹប Manchester United ​ពី​ត្រកូល Glazer ​នៅ​អាមេរិក​តែ​ម្ដង។

Manchester United ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​ខឹង​ជា​ខ្លាំង បន្ទាប់​ពី​ពួកគេ​បាន​ចូល​ជា​សមាជិក​នៃ​ការ​ប្រកួត​ពាន​រង្វាន់ Super League ​កាល​ពី​ពេល​កន្លង​ទៅ។ ​តែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​បាន​ធូរ​ស្បើយ​វិញ ​បន្ទាប់​ពី​ក្លឹប​បិសាច​ក្រហម​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​វិញ ​ក្រោយ​ពី​មាន​មតិ​រិះគន់​ខ្លាំង​ទាំង​អ្នក​គាំទ្រ ​កីឡាករ ​និង​រដ្ឋាភិបាល​អង់គ្លេស​ផ្ទាល់​តែ​ម្ដង។

​ក្រោយ​ពី​ប្រកាស​ដក​ខ្លួន​ចេញ​នោះ ​ក៏​ស្រាប់​តែ​លោក​ Ed Woodward ​ប្រធាន​ប្រតិបត្តិ​របស់​ក្លឹប​សម្រេច​ចិត្ត​លា​លែង​តំណែង​ភ្លាម​ៗ​ផង​ដែរ។ ការ​ប្រកាស​ភ្លាម​ៗ​នេះ ទំនង​ដោយសារ​តែ​លោក​ខិតខំ​បង្កើត​ពាន Super League ​ឡើង​ដើម្បី​ជួយ​សេដ្ឋកិច្ច​ក្លឹប តែ​ចុង​ក្រោយ​បែរ​ជា​បរាជ័យ​វិញ។

​ភាព​ចម្រូងចម្រាស​កើត​​ឡើង​នេះ ​បាន​ធ្វើ​ឱ្យ Conor ​កីឡាករ​វាយ​ក្នុង​ទ្រុង ​និង​ជា​អ្នក​គាំទ្រ​ម្នាក់​ដែរ​នោះ ​បាន​ចេញ​មុខ​មក​ថា​ចង់​ទិញ​ក្លឹប Manchester United ​។ ការ​ពិចារណា​នេះ​កើតឡើង ក្រោយ​ពី​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​អង់គ្លេស ​កំពុង​ស្នើ​ឱ្យ​ត្រកូល Glazer ​លក់​ក្លឹប​នេះ​ចេញ​ទៅ ​ប្រសិន​បើ​ដឹក​នាំ​ក្លឹប ​គិត​តែ​ពី​លុយ​បែប​នេះ៕

Loading...