ធារី ៖ ផ្តោតលើការប្រកួតជាមួយក្លិបទីម័រសិន ព្រោះទើបតែលេងលីគបាន ១ ប្រកួត ហើយកូវីដទៀត

0
235
  • ខ្សែបម្រើវិសាខា ប៊ិន ចន្ថាធារី ប្រាប់ថា នឹងមានអារម្មណ៍សប្បាយចិត្តខ្លាំងប្រសិនបើក្រុមរបស់គេឆ្លងផុតវគ្គជម្រុះ AFC Cup 2021 ហើយចូលដល់វគ្គចែកពូលដែលមានក្រុមចាស់របស់គេ គឺក្លិបម៉ាឡេស៊ី Terengganu FA កំពុងរង់ចាំស្រាប់ក្នុងពូល។

    យ៉ាងណា កីឡាករធ្លាប់លេងនៅ Terengganu FC ក្នុងក្របខណ្ឌកំពូលម៉ាឡេស៊ីពីឆ្នាំ២០១៨ដល់២០១៩ អះអាងថា គេ និងមិត្តរួមក្រុមឯទៀតនៅវិសាខាត្រូវប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លងកាត់ Lalenok United FC ក្នុងវគ្គជម្រុះជាមុនសិន ព្រោះម្ចាស់ជើងឯកកំពូលទីម័រខាងកើតមួយនេះមិនមែនជាគូប្រជែងដ៏ងាយស្រួលទេ។

    ធារី ថ្លែងបែបនេះ “៖ ខ្ញុំប្រាកដជាសប្បាយចិត្ត និងមានមោទកភាព ប្រសិនបើបានលេងប៉ះក្រុមចាស់ (Terengganu FC) ហើយសង្ឃឹមថា ក្រុមទាំង២នឹងធ្វើបានល្អក្នុងពាន AFC Cup។ តែមុនដល់រឿងហ្នឹង យើងត្រូវតែផ្ដោតលើការប្រកួតជាមួយក្លិបរបស់ទីម័រខាងកើតសិន ព្រោះមិនមែនជាការប្រកួតដ៏ងាយស្រួលទេ។ ណាមួយយើងអត់បានលេងលីគ អត់បានហាត់ អ៊ីចឹងខ្ញុំសង្ឃឹមថា ស្ថានភាពនៅស្រុកយើងនឹងល្អឡើងវិញ ដើម្បីបានប្រកួតកាន់តែឆាប់ៗវិញដែរ។ ខ្ញុំ សង្ឃឹមថា គណៈកម្មការក៏យល់ពីរឿងហ្នឹងដែរ ព្រោះការប្រកួតនេះមិនមែនសំខាន់តែសម្រាប់វិសាខាទេ គឺសម្រាប់កម្ពុជាតែម្ដង ព្រោះយើងលេងតំណាងប្រទេស អ៊ីចឹងរំពឹងថា នឹងមានដំណោះស្រាយសមស្របណាមួយដើម្បីអាចរៀបចំខ្លួនបានល្អ។”

    គួរដឹងដែរថា ក្នុងបញ្ជីដំបូងនៃពានរង្វាន់ AFC Cup 2021 វិសាខាដែលជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ ត្រូវឆ្លងកាត់២ដំណាក់កាល មុនឈានចូលដល់វគ្គចែកពូល។ ដំណាក់កាលដំបូង គឺ វិសាខា ត្រូវប្រកួតជាមួយ Lalenok United ក្នុងវគ្គជម្រុះបឋម ដើម្បីយកកៅអីទៅប្រកួត Play-Off តទល់ក្លិបឥណ្ឌូនេស៊ី Persipura Jayapura។

    ផ្ទុយទៅវិញ ការប្រកួតត្រូវបានកែប្រែ ដោយរវាងវិសាខា និង Lalenok ប្រសិនបើក្រុមណាឈ្នះ នឹងឆ្លងចូលដល់ពូល I តែម្ដង ដោយមិនចាំបាច់ប្រកួត Play-Off តទល់ Persipura Jayapura ទេ។ ចំណែក Persipura Jayapura ត្រូវបានបញ្ចូលទៅពូល H ជំនួសកៅអីក្លិបមីយ៉ាន់ម៉ា Shan United។

    ហេតុផលនៃការកែប្រែនេះ ព្រោះក្លិបចំនួន២របស់មីយ៉ាន់ម៉ា គឺ Shan United និង Hantharwady បានដកខ្លួនពីការប្រកួត។ តាមពិតទៅ Hantharwady ក៏ត្រូវប្រកួតវគ្គ Play-Off ដែរ ដោយត្រូវរង់ចាំក្រុមឈ្នះរវាង Chanthabouly របស់ឡាវ និងក្លិបប្រ៊ុយណេ Kasuka FC។ ដូច្នេះ បន្ទាប់ពីការដកខ្លួនរបស់ Hantharwady នោះក្រុមឈ្នះរវាងក្រុម Chanthabouly និង Kasuka FC ក្នុងវគ្គជម្រុះបឋម ត្រូវឆ្លងចូលពូល G តែម្ដង ដែលមានក្លិបវៀតណាម Hanoi FC, ក្លិបឥណ្ឌូនេស៊ី Bali United, និងក្លិបកម្ពុជា បឹងកេត។

    គួរបញ្ជាក់ថា វគ្គជម្រុះរវាងវិសាខា និង Lalenok United នឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្រុមឈ្នះនឹងចូលក្នុងពូល I ដែលមានក្លិបហ្វីលីពីន Kaya FC-IIoilo, ក្លិបម៉ាឡេស៊ី Terengganu FC និងក្លិបសិង្ហបុរី Geylang International FC៕

    អត្ថបទ៖ CNCC

Loading...