ហ្វឹកហាត់ ហូបចុក និង សម្រាកល្អ ជាមូលហេតុធ្វើឱ្យ បូរី លេងបាល់បាន ១៥ឆ្នាំ មិនធ្លាក់កម្លាំង

0
130

ឈានដល់វ័យ៣៥ឆ្នាំ ក្នុងឆ្នាំ២០២១នេះ ឃឹម បូរី នៅតែជាកម្លាំងស្នូលមួយរូបសម្រាប់ក្លិបណាហ្គាវើលដ៍ ប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League និងមានរយៈពេលជាង១០ឆ្នាំហើយដែលគេចូលលេងបាល់ទាត់កម្រិតខ្ពស់។

អតីតសមាជិកជម្រើសជាតិកម្ពុជាមានកំណើតនៅខេត្តតាកែវត្រូវបានមិត្តរួមក្រុមចាត់ទុកជាកីឡាករអាជីពគម្រូមួយរូបដែលអាចរក្សាកាយសម្បទា និងកម្លាំងបានល្អ ទោះអាយុកាន់តែកើន។

ទាក់ទងទៅនឹងការរក្សាអាជីពបាល់ទាត់បានច្រើនឆ្នាំបែបនេះ ឃឹម បូរី បង្ហើបថា បានប្រកាន់ខ្ជាប់ចំណុចសំខាន់៣ គឺ “៖ ១ .ការហ្វឹកហាត់ខ្លាំងជាមួយក្រុម និងហាត់ដោយខ្លួនឯងអ្វីដែលខ្វះខាត និងពង្រឹងអ្វីដែលមាន។ ២.ការហូបចុកអោយបានត្រឹមត្រូវ គឺយើងត្រូវគិតតើអ្វីដែលយើងត្រូវហូប ដើម្បីជួយរាងកាយ និងថាមពលរបស់យើង។ ៣. ការសម្រាកឲ្យបានល្អ។ បីចំណុចនេះត្រូវតែដើរទន្ទឹមគ្នា ខ្វះមួយណាក៏មិនបានដែរ។”

ឃឹម បូរី ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៦នៅក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ) ភ្នំពេញក្រោន និងណាហ្គាវើលដ៍។ គេក៏ធ្លាប់ចំណាយពេលមួយរដូវកាល២០១១ នៅក្លិបលីគកំពូលថៃ Sisaket ដែរ លើលក្ខខណ្ឌខ្ចីពីភ្នំពេញក្រោន។

ក្រោយលេងជាខ្សែបម្រើ និងប្រយុទ្ធជាច្រើនឆ្នាំ ហើយថែមទាំងបានឈ្នះស្បែកជើងមាសក្របខណ្ឌកំពូលកម្ពុជា ឆ្នាំ២០០៨ ផងនោះ គេត្រូវបានគ្រូបង្គោលណាហ្គាវើលដ៍ មាស ចាន់ណា ដាក់ឲ្យរ៉ាប់រងក្នុងតំណែងការពារ ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឃឹម បូរី ដែលជាប់ជម្រើសជាតិកម្ពុជាដំបូងក្នុងឆ្នាំ២០០៧ ចង់បន្តអាជីពបាល់ទាត់នេះរយៈពេល២ឆ្នាំទៀត តែក៏អាស្រ័យលើស្ថានភាពជាក់ស្ដែង៕

អត្ថបទ៖ CNCC ្

Loading...