ព្រោះស្រឡាញ់បាល់ទាត់ ! នីរ៉ាត់ធន់ គេចសាលាមកតេស្តិ័នៅអាស៊ីអឺរ៉ុប ព្រោះបើដឹងឪពុកម្តាយឃាត់ឃាំង

ខ្សែបម្រើវ័យក្មេង ស៊ាង នីរ៉ាត់ធន់ រំឭកថា កាលដើមឆ្នាំ២០២០ ពេលធ្វើតេស្ដចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត គេមិនបានប្រាប់ឪពុកម្ដាយដឹងឡើយ ព្រោះបារម្ភពីការរារាំងពីសំណាក់អ្នកមានគុណទាំង២ ម្យ៉ាង ឪពុកម្ដាយក៏មិនចង់ឲ្យគេប្រកបអាជីពបាល់ទាត់ផង។ និសិ្សតឆ្នាំទី០៤ខាងលើរៀបរាប់បែបនេះ “៖កាលតេស្ដហ្នឹងរដូវកាលមុន​ អ្នកផ្ទះអត់ចង់ឲ្យលេងកីឡាទេតាំងពីដើមមក  តែដោយសារការស្រលាញ់ ខ្ញុំចេះតែលួចទៅលេងបាល់ ហើយបើខ្ញុំប្រាប់គាត់តាមត្រង់ថាទៅតេស្ដនៅអាស៊ីអឺរ៉ុប ប្រាកដជាពួកគេអត់ព្រមទេ  ណាមួយខ្ញុំមកតេស្ដនេះ ព្រោះចង់ដឹងពីសមត្ថភាពខ្លួនឯងផង ក្រោយឃើញក្លិបផុសរើសកីឡាករ​ មុនធ្វើតេស្ដហ្នឹង ខ្ញុំនៅកំពតនៅឡើយទេ តែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ខ្ញុំត្រូវទៅរៀននៅទីរួមខេត្ត  ប៉ុន្តែដោយសារតែថ្ងៃធ្វើតេស្ដ សៅរ៍ អាទិត្យ ដែរ ខ្ញុំ ក៏សម្រេចចិត្តមិនចូលរៀន លួចទៅធ្វើតេស្ដនៅភ្នំពេញតែម្ដង  ខ្ញុំតេស្ដ៣លើកបានជាប់  ដល់ពេលផេកក្លិបផុស គេស៊ែរច្រើនទៅ ប៉ាម៉ាក់ខ្ញុំក៏ឃើញ។
ពេលដឹងថា ខ្ញុំជាប់ គាត់ក៏លែងថាអីឲ្យខ្ញុំទៀត។” មុនវិវឌ្ឍខ្លួនក្លាយជាកីឡាករមួយរូបនៅក្របខណ្ឌកំពូលកម្ពុជា នីរ៉ាត់ធន់ បានប្រលូកក្នុងក្រុមស្ម័គ្រចិត្តមួយចំនួននៅខេត្តកំពត និងខេត្តកែប ដូចជា បុរីរ៉ាត់, កំពតក្រោន ជាដើម។ មិត្តភក្ដិជិតស្និទ្ធរបស់គេ គឺកីឡាករ ជឿត ណាចារ ដែលបច្ចុប្បន្នកំពុងលេងនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ក្នុងការលេងនៅអាស៊ីអឺរ៉ុបយូណាយធីតឆ្នាំដំបូង នីរ៉ាត់ធន់ បានជួបការលំបាកច្រើនដែរ ព្រោះមិនសូវមានបទពិសោធច្រើនក្នុងការប្រកួតកម្រិតខ្ពស់ ហើយកាលណោះអាចបានត្រឹមប្ដូរចូលក្នុងវគ្គទី២ប៉ុណ្ណោះ។ ខុសពីរដូវកាល២០២១នេះ គេអាចឈានទៅបង្ហាញខ្លួនក្នុងជម្រើស១១នាក់៣លើកក្នុងចំណោម៤ប្រកួតមុនលីគផ្អាកសកម្មភាពដោយសារជំងឺកូវីដ១៩។ យុវជនរូបនេះក៏បានចាត់ទុកសិស្សច្បងរួមខេត្ត ចាន់ វឌ្ឍនាកា ជានិមិត្តរូបផងដែរ៕ អត្ថបទ៖ CNCC