កីឡាករខ្មែររកបានច្រើនគ្រាប់ជាងគេនៅអាស៊ីអឺរ៉ុប រំលឹកអំពីប្រវត្តិលេងបាល់របស់ខ្លួន

ពីក្មេងលេងបាល់ទាត់តាមភូមិមួយរូប ព្រីង ចិត្រា បានចាប់ផ្ដើមស្រលាញ់កីឡាប្រភេទនេះកាន់តែខ្លាំងថែមទៀត ពេលបានទស្សនាការប្រកួតពានរង្វាន់ FIFA World Cup 2010។
ចំណង់ចំណូលចិត្តកាន់តែខ្លាំងនេះបានជួយឲ្យគេវិវឌ្ឍខ្លួនទៅជាកីឡាករមួយរូបក្នុងក្របខណ្ឌ Metfone Cambodian League។ នេះជាការបង្ហើបឲ្យដឹងពីខ្សែបម្រើអាស៊ីអឺរ៉ុបយូណាយធីត។ ចិត្រា រំឭកពីដើមចមនៃការលេងបាល់ទាត់បែបនេះ ៖“បាទបងដំបូងឡើយ ខ្ញុំគ្រាន់តែជាក្មេងលេងបាល់តាមភូមិ ហើយលេងពេលទំនេរពីរៀន កាលហ្នឹងដូចជា World Cup 2010។ ពេលហ្នុង ខ្ញុំបានមើល វីដីអូគេលេងបាល់ ហើយក៏ជំរុញទឹកចិត្តខ្ញុំកាន់តែស្រលាញ់បាល់ទាត់ខ្លាំងឡើង និងចង់ចេះលេងរហូតបានចូលហាត់បាល់ជាមួយគ្រូកីឡានៅវិទ្យាល័យហ៊ុនសែនស្អាត។ ហាត់កាលហ្នុងក្នុងម្នាក់បង់ថ្លៃ៥០០រៀលក្នុងមួយពេល តែហាត់បានប៉ុន្មានក៏រំសាយ។ ដល់ឆ្នាំ២០១៤ ខ្ញុំបានចូលរូមលេងក្រុមសិស្សវិទ្យាល័យស្អាង លេងពានសិស្សខេត្តកណ្ដាលបានលេខ២ ពីរឆ្នាំជាប់គ្នា។  បន្ទាប់មកក៏គ្រូៗនៅខេត្តកណ្ដាល ហៅចូលរួមលេងក្របខណ្ឌ ក១ ឲ្យខេត្តកណ្ដាលដល់ឆ្នាំ២០១៦ ចូលរួមក្រុមវិទ្យាល័យស្អាងបានលេខ១ពានសិស្សខេត្តកណ្ដាល។ គ្រូនៅខេត្តកណ្ដាលក៏បានហៅលេងពានសម្ដេចតេជោ ហ៊ុនសែន បន្តទៀត។  បន្ទាប់ចប់ប្រកួតពានសម្ដេច ហ៊ុន សែន ខ្ញុំក៏បានចូលរួមជាមួយក្រុម TN KANDAL   ដល់ដើម២០១៧ ខ្ញុំបានធ្វើតេស្ដជាប់ចូលលេងនៅអាស៊ីអឺរ៉ុបយូណាយធីតដល់បច្ចុប្បន្ន។” រំឭកពីការឈានជើងចូលបាល់ទាត់កម្រិតខ្ពស់ដំបូង ព្រីង ចិត្រា មើលឃើញថា ពិតជាខុសពីកាលនៅលេងកម្រិតខេត្ត និងពាក់កណ្ដាលអាជីព ទាំងកម្លាំង កាយសម្បាទា បច្ចេកទេស និងបទពិសោធ។ គេត្រូវការតស៊ូ និងអត់ធ្មត់ខ្លាំង ទើបអាចសម្របខ្លួនបានក្នុងរយៈពេលមួយខែទៅពីរខែបន្ទាប់។ ក្នុងរដូវកាល២០២១នៃក្របខណ្ឌ Metfone Cambodian League នេះ ម្ចាស់អាវលេខ៧០ប្រចាំក្លិបអាស៊ីអឺរ៉ុបយូណាយធីតទាត់បញ្ចូលទីបាន២គ្រាប់ពីការប្រកួត៤លើក។ ពីរគ្រាប់នោះ គេរកបានក្នុងជំនួបជាមួយគិរីវង់សុខសែនជ័យនៅថ្ងៃបើកឆាក៕ អត្ថបទ៖ CNCC