លោក សុក វាសនា ៖ ក្លិបគ្មានគម្រោងប្រជែងជើងឯក ហើយកីឡាករស្ទើរបទពិសោធន៍ តែលោកនឹងប្រើធនធានកីឡាករដែលមានឱ្យបានល្អបំផុត

លោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីតឲ្យដឹងថា រដូវកាលថ្មីនេះ ក្រុមរបស់លោកបាននាំចូលកីឡាករវ័យក្មេងដល់ទៅ៩នាក់ ដោយដំឡើងពីឈុតយុវជន និងផ្ទេរពីក្រុមផ្សេងៗទៀត ដើម្បីកន្លែងបន្សល់ដោយសមាជិកចាស់ៗដែលចូលនិវត្តន៍ និងចាកចេញ។ គ្រូបង្វឹកខាងលើទទួលស្គាល់ការនាំចូលយុវជនច្រើន អាចពិបាកដល់ការប្រកួត តែថា មិនបារម្ភពីលទ្ធផលខ្លាំងពេកឡើយ ព្រោះក្លិបរបស់លោកសំដៅផ្ដោតលើការអភិវឌ្ឍធនធានកីឡាករ ជាងការប្រជែងយកជើងឯក។ លោក សុក វាសនា លើកឡើងបែបនេះ “៖រដូវកាលថ្មីយើងបាននាំចូលកីឡាករដែលជាយុវជន៩នាក់ ដោយដំឡើងពីថ្នាលអាស៊ីអឺរ៉ុបខ្លះ និងកីឡាករដែលមិនសូវបានបង្ហាញនៅក្លិបផ្សេងៗ។
ការលេងរបស់ពួកគាត់នៅមានចំណុចខ្វះខាត យើងក៏បារម្ភខ្លះដែរ តែអ្វីសំខាន់នោះ គឺយើងជាក្លិបដែលសំដៅលើការអភិវឌ្ឍធនធានកីឡាករ មិនមែនជាក្លិបផ្ដោតលើការរប្រជែងជើងឯកទេ។ យើងនឹងដាក់ពួកគេចូលលេងប្រហែល៥០ភាគរយដើម្បីបង្កើនបទពិសោធ។” ក្រៅពីកីឡាករក្នុងស្រុក៩នាក់ អាស៊ីអឺរ៉ុបយូណាយធីតក៏បាននាំចូលកីឡាករបរទេសថ្មី២រូបទៀត គឺខ្សែការពារជនជាតិជប៉ុនម្នាក់ និងខ្សែបម្រើប្រេស៊ីលម្នាក់។ ក្រុមលោក សុក វាសនា ដែលទទួលបានចំណាត់ថ្នាក់លេខ៩ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០កន្លងទៅ ទើបបញ្ចប់ការប្រកួតពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី Cambodia Airways Cup 2021 នាពេលថ្មីៗនេះ ដោយទទួលបានចំណាត់ថ្នាក់លេខ២៕ អត្ថបទ៖ CNCC