លោក សុខ វាសនា ៖ Abbee រដូវកាលនេះល្អជាងឆ្នាំមុន ព្រោះមានដៃគូយល់ចិត្ត Gbenga Samuel

ខ្សែប្រយុទ្ធ Abbee Ndjoo Hurber រកបាន៥គ្រាប់ហើយពីការប្រកួត៤លើកក្នុងក្របខណ្ឌ Metfone Cambodian League 2021 កន្លងមកសម្រាប់អាស៊ីអឺរ៉ុបយូណាយធីត។
គេត្រូវបានមើលឃើញថា បង្ហាញសមត្ថភាពយ៉ាងល្អជាងរដូវកាល២០២០ ពេលទើបចូលរួមក្រុមលោក សុក វាសនា ដំបូង។ ទាក់ទងទៅនឹងភាពលេចធ្លោជាងមុននេះ លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត លើកឡើងថា ដោយសារតែកាលមកចូលរួមក្រុមជើងទីមួយ រដូវកាលមុន Abbee ខ្វះដៃគូយល់ចិត្ត ហើយក៏បានសម្រាកពីបាល់ទាត់យូរមកដែរ។ ប៉ុន្តែបន្ទាប់ពីការមកដល់របស់ Samuel Ajayi Gbenga ក្នុងជើងទី២ ទើប Abbee អាចវិវឌ្ឍខ្លួនកាន់តែប្រសើរ ជាពិសេសដើមរដូវកាលថ្មីនេះ។ លោក សុក វាសនា ថ្លែងបែបនេះ “៖ពេលចូលជាមួយអាស៊ីអឺរ៉ុបឆ្នាំមុន គាត់ទើបតែលេងបាល់វិញ ក្រោយសម្រាកយូរ។ ណាមួយគាត់មិនទាន់រកដៃគូសហការគ្នាត្រូវ។ ដល់ជុំទី២ យើងយកដៃគូត្រូវ សហការគ្នាត្រូវជាមួយ Gbenga។ ម្យ៉ាង ការប្រឹងប្រែងផ្ទាល់ខ្លួន និងការប្ដេជ្ញាចិត្តរបស់គាត់ផង។ និយាយទៅ ដៃគូហ្នឹងសំខាន់ណាស់ ព្រោះលេងជាក្រុម វាអាចនាំមកនូវជោគជ័យ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ពួកគាត់អាចបន្តសហការគ្នាបានល្អក្នុងរដូវកាលនេះដើម្បីក្លាយជាកីឡាករល្អផង។” អតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀងដដែលគិតថា ខ្សែប្រយុទ្ធជនជាតិកាមេរូន Abee អាចមានសមត្ថភាពលេងនៅក្រុមខ្ពស់ជាងអាស៊ីអឺរ៉ុបយូណាយធីត តែក៏អាស្រ័យលើគ្រូបង្វឹកដែលនិយមកីឡាករប្រភេទណា។ ជុំវិញការប្រកួតជាមួយបឹងកេតនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ខាងមុខ លោក សុក វាសនា មិនហ៊ានរំពឹងច្រើនទេ ព្រោះគូប្រជែងមួយនេះជាក្រុមល្អ ហើយជាក្រុមការពារតំណែងជើងឯកផង។ ទន្ទឹមនឹងនេះ ក្រុមរបស់លោកក៏អវត្តមានកីឡាករមួយចំនួនដែលមានបញ្ហារបួស ខណៈប្រធានក្រុម ឡាយ រស្មី ក៏ជាប់បម្រាម។ គួរដឹងដែរថា អាស៊ីអឺរ៉ុបយូណាយធីតមាន៣ពិន្ទុពីការប្រកួត៤លើក ពោលឈ្នះមួយលើកពេលប៉ះនគរបាលជាតិ។ ចំណែកបឹងកេតទើបប្រកួតបាន២លើកប៉ុណ្ណោះ ដោយចាញ់ណាហ្គាវើលដ៍ និងភ្នំពេញក្រោន៕ អត្ថបទ៖ CNCC