គ្រូបង្វឹកថ្មី ISI ៖ លេងពានលីគខាប់ គឺដើម្បីបទពិសោធន៍ទៅថ្ងៃមុខ

0
113

ក្លឹប​បាល់ទាត់​ អាយ​អេសអាយ​​ ដង្កោ​សែនជ័យ​​ មិន​​ផ្ដោត​លើ​​តែ​លទ្ធផល​ពេក​ទេ សំខាន់​គឺ​​ទិស​ដៅ​ពង្រីក​សមត្ថភាព​សម្រាប់​​ក្រុម​ខ្លួន​​នា​ពេល​អនាគត ពិសេស​គឺ​ការ​ត្រៀម​​ចូល​រួម​លីគ​២​​ សម្រាប់ការ​ចូល​រួម​​ប្រកួត​ពាន​រង្វាន់​លីគ​​ខាប់​ (League Cup 2021 by Forward​) ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​ស្អែក​នេះ​​ទល់​ក្រុម​ភ្នំពេញ​ក្រោន​​វេលា​ម៉ោង ៦:០០ នាទី​​ល្ងាច​​នៅ​ទីលាន​ភ្នំពេ​ញ​ក្រោន។

លោក សាប៊ូន វិន​តា ​ប្រធានផ្នែក​បច្ចេកទេស​​របស់​ក្លឹប​បាល់ទាត់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​លោក​និង​ក្រុម​គឺ​ផ្ដោត​សំខាន់​ចំពោះ​ការ​ ពង្រីក​សមត្ថភាព​​បន្ថែម​ទៀត​ ដើម្បី​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ដែល​ក្រុម​​ចង់​បាន។ ដូច្នេះ​ការ​ប្រកួត​ស្អែក​ និង​ការ​ប្រកួត​បន្ទាប់​ៗ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​រួម។

​លោក​បន្ថែម​ថា វា​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​មក​​កាន់​ក្រុម​របស់​លោក​ឡើយ ​​បើ​ទោះ​ក្រុម​ចូល​រួម​សុទ្ធ​តែ​ជា​​ក្រុម​ធំៗ និង​សម្បូរ​ទៅ​ដោយ​ក្រុម​ខ្លាំង​ក៏​ដោយ​​ ផ្ទុយ​ទៅ​​វិញ​វា​បាន​ផ្ដល់​បទពិសោធ​ដល់​ក្រុម​របស់​លោក​កាន់​តែ​ច្រើន​។ ​​ជា​មួយ​គ្នា​នោះ​​ប្រធាន​ក្រុម ធូ គាសេង ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ឆន្ទៈ​របស់​​ខ្លួន ​និង​ក្រុម​គឺ​មិន​ផ្ដោត​លើ​លទ្ធផល​​ដូច​គ្នា​ សំខាន់​គឺ​ការ​អនុវឌ្ឍ​​សម្រាប់​ទិស​ដៅ​បន្ទាប់​​ដើម្បី​ប្រជែង​លីគ​ទី​២​។

ពាន​រង្វាន់​ខាង​លើ​​មាន​​ក្រុម​ចូល​រួម​បឹងកេត ភ្នំពេញក្រោន ទ័ព ព្រះ​ខ័ន​រាជ​ស្វាយរៀង អាយអេសអាយ​ ដង្កោ​សែន​ជ័យ វិសាខា សាលា​បាល់ទាត់​ជាតិ​បាទី និង​ខេត្ត​ព្រៃវែង​។ ក្រុម​ទាំង​៨​បែង​ចែក​ជា​ពីរ​ពូល A និង B ហើយ​ក្រុម​លេខ​១ និង​លេខ​២​នៅ​តាម​ពូល​នីមួ​យ​ៗ នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

Loading...