ឆ្លងកាត់ប្រកួតបើកឆាក ភ្នំពេញក្រោន ឈរលេខ ១ កំពូលតារាង

0
109

ក្រុមពីក្របខណ្ឌ Metfone Cambodian League ភ្នំពេញក្រោនបានផ្ដួលអាយអេសអាយដង្កោសែនជ័យមកពីក្របខណ្ឌ Cambodian League 2 ដោយលទ្ធផល៥ទល់នឹង០ ក្នុងថ្ងៃបើកឆាកពានរង្វាន់ League Cup By Forward 2021 នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា។

ការប្រកួតនៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោនរកបានគ្រាប់បាល់នាំមុខមុន២ទល់នឹង០ ដោយការទាត់ចូលមុំកែងយ៉ាងល្អពីខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn នាទីទី០៩ និងបាល់ពីចម្ងាយដោយខ្សែការពារជប៉ុន Takaki Ose ក្នុងនាទី៣៥។

ចូលដល់វគ្គទី២ ភ្នំពេញក្រោនបន្ថែមបាន៣គ្រាប់ទៀតដោយការតែតបញ្ចូលទីពីជួន ចាន់ចាវ ក្នុងនាទី៥៩, បាល់ពីចម្ងាយពីខ្សែប្រយុទ្ធ Matheus Souza E Silva នាទី៦៨ និងប្រាក់ ធីវ៉ា នាទី៧០។

ជ័យជម្នះនេះមានន័យថា ភ្នំពេញក្រោនទទួលបាន៣ពិន្ទុក្នុងពូល A ស្មើវិសាខាដែលទទួលបាន៣ពិន្ទុពីបឹងកេតដោយស្វ័យប្រវត្តិ ដោយសារបឹងកេតមានក្រុមការងារម្នាក់វិជ្ជមានកូវីដ១៩ ធ្វើឲ្យជំនួបរវាងក្រុមទាំង២ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ដូចគ្នានេះ ត្រូវបានលុបចោល។

សម្រាប់ការប្រកួតក្នុងពូល B នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា មានតែមួយគូប៉ុណ្ណោះ គឺព្រៃវែងអេហ្វស៊ីត្រូវជួបជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លើទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វេលាម៉ោង៣និង៣០នាទីរសៀល។ ចំណែកការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំត្រូវបានលុបចោល។ ការលុបចោលនេះដោយសារពិនិត្យឃើញថា ក្រុមការងារមួយរូបពីក្រុមយុវជនបាទីតេស្ដឃើញវិជ្ជមានកូវីដ១៩៕

អត្ថបទ៖ CNCC

Loading...