សហព័ន្ធទោចក្រយាន ស្នើសុំទីដ្ឋានការបញ្ជូនកីឡាករ ៣ រូប ទៅហ្វឹកហាត់នៅបារំាង

CAMSOC-ភ្នំពេញ៖ កីឡាករជម្រើសជាតិកីឡាទោចក្រយាន៣នាក់ និងគ្រូបង្វឹកម្នាក់ បានទៅស្នើសុំទិដ្ឋាការពីស្ថានទូតបារំាង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិទៅបន្តការហ្វឹកហាត់បង្កើនបច្ចេកទេសនៅប្រទេសបារំាងរយៈពេល៣ខែ ដើម្បីត្រៀមគោលដៅ ស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
May be an image of 1 person, sitting and indoor
លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ ទៅហ្វឹកហាត់នៅប្រទេសបារាំង នាពេលខាងមុខនេះ បានបញ្ជាក់ថា ថ្ងៃនេះយើងបានទៅស្នើសុំការផ្តល់ទិដ្ឋាការពីស្ថានទូតបារំាង ដើម្បីចេញទៅហ្វឹកហាត់រយៈពេល៣ខែ ជាមួយក្រុមកីឡាករអាជីពនៅទីនោះ។
លោកជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
May be an image of 1 person, sitting and indoor
ជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយទៀតនៅប្រទេសបារំាងផងដែរ ដោយសមាគមនេះ នឹងជួយដល់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដងស្តងបច្ចេកទេសទៀតផង។ កីឡាករជម្រើសជាតិកីឡាទោចក្រយាន ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាង ដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីព នៅប្រទេសបារំាង និងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង។
May be an image of one or more people and indoor
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា តាមពិតការបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសបារំាងនេះ មានយូរមកហើយដែរ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបការចេញទៅហ្វឹកហាត់នេះអាក់ខានទៅវិញ ហើយនៅពេលនេះទើបយើងទទួលបានឱកាសចេញទៅបង្កើនបច្ចេកទេសសារជាថ្មី។ លោកអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងណាប្រឹងប្រែងជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខ សហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ៕
May be an image of 1 person, sitting and indoor