ព្រៃវែង ធ្លាក់ពីពាន League ​Cup ក្រោយរងបរាជ័យទាំង ២ ប្រកួត ក្នុងពូល B

0
159

ព្រះខ័នរាជស្វាយរៀងបានយកឈ្នះព្រៃវែងអេហ្វស៊ី ដោយលទ្ធផល០ទល់នឹង១យ៉ាងប្រផុតប្រផើយ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ League Cup 2021 By Forward ប្រចាំពូល B លើទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នារសៀលថ្ងៃអាទិត្យ ទី១៣ ខែមិថុនា។

ការប្រកួតប្រចាំពូល B មានតែមួយគូនេះប៉ុណ្ណោះ ដោយសារតែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដែលស្ថិតនៅរួមពូលពុំទាន់ត្រលប់វិញនៅឡើយទេ បន្ទាប់ពីរកឃើញថា ក្រុមការងារម្នាក់របស់ពួកគេតេស្ដឃើញវិជ្ជមានកូវីដ១៩ កាលពីសប្ដាហ៍មុន។ ចំណែកកាលវិភាគកាលថ្ងៃសៅរ៍ ទី១២ ខែមិថុនា រវាងវិសាខា និងភ្នំពេញក្រោន ប្រចាំពូល A ក៏ត្រូវបានលុបចោល បន្ទាប់ពីកីឡាករ២រូបរបស់ភ្នំពេញក្រោន សង្ស័យមានវិជ្ជមានកូវីដ១៩។

មួយគ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀងរកបានដោយខ្សែបម្រើវ័យក្មេង ជូ ស៊ិនទិ ពីការលើកបាល់ហ្វ្រីឃីកដោយសួន សុវណ្ណ ក្នុងនាទី៣៣។ ក្រុមទាំង២មានឱកាសទៅវិញទៅមកដែរទាំងវគ្គទី១ និងវគ្គទី២ តែមិនមានបាល់ក្នុងសំណាញ់ទៀតឡើយ។ ជាក់ស្ដែង ការភ្លាត់ពីអ្នកចាំទី វីរៈ ដារ៉ា បានធ្វើឲ្យឃៀង ម៉េងហួរ របស់ព្រះខ័នរាជស្វាយរៀងឆក់បាល់ទៅទាត់មុខទី តែមិនអាចចូលបានសម្រេចទេ។

នេះជាការប្រកួតលើកដំបូងរបស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីការប្រកួតរបស់ពួកគេជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី កាលសប្ដាហ៍មុនត្រូវបានលុបចោលដោយសារពាក់ព័ន្ធករណីកូវីដ១៩លើក្រុមការងារបាទីម្នាក់។

ចំណែកព្រៃវែងអេហ្វស៊ីវិញប្រកួតបានមួយលើកហើយ ដោយចាញ់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ០ទល់នឹង១៕

អត្ថបទ៖ CNCC

Loading...