ហែលទឹកថែមម៉ោងហ្វឹកហាត់ សម្រួចគោលដៅមេដាយ ស៊ីហ្គេមលើកនេះ និង ២០២៣

CAMSOC-ភ្នំពេញ៖ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ក៏ដូចជាគោលដៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣, សហព័ន្ធខ្មែរកីឡាហែលទឹកបានដាក់ចេញគោលដៅថ្មីៗបន្ថែម តាមរយៈបន្ថែមម៉ោងហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបំពេញបន្ថែមមួយចំនួនទៀត ក្នុងគោលបំណងពង្រឹងក្តីសង្ឃឹមឆ្ពោះទៅហ្គេមប្រចាំតំបន់មួយនេះជាបន្តបន្ទាប់។
May be an image of 1 person, standing and outdoors
May be an image of text
May be an image of 21 people and text
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី លើកឡើងថា នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន៤០ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមកំណត់បង្ហាញនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹកមិនទាន់កំណត់ចំនួនកីឡាករ កីឡាការិនី និងប្រភេទវិញ្ញាសាចំនួនប៉ុន្មាន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១ អាស្រ័យដោយការស្នើសុំ និងការសម្រេចពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នាពេលខាងមុខ។
«ជាក្តីសង្ឃឹមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺស៊ីហ្គេមវាស់ស្ទង់កម្រិតសមត្ថភាព តម្រង់ទិសឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ អ្វីដែលសំខាន់ គឺកីឡាករ កីឡាការិនីកំពុងបង្កើនការហ្វឹកហាត់ ក្នុងគោលដៅស្វែងរកនូវលទ្ធផលថ្មីៗ ដោយយើងចង់បានមេដាយនៅក្នុងការប្រកួត ទោះបីជាមេដាយ នៅក្នុងកម្រិតណាក្តី។ មានវិញ្ញាសាមួយចំនួន គឺជាក្តីសង្ឃឹមរបស់យើងដែរ ដូចជាវិញ្ញាសាហែលរបៀបកង្កែប ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជាមានសិទ្ធផលក្បែរនឹងសិទ្ធផលរបស់កីឡាករកីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ»។
May be an image of one or more people and pool
May be an image of one or more people, people playing sport and pool
សហព័ន្ធខ្មែរកីឡាហែលទឹកក៏កំពុងតែប្រឹងប្រែងបន្ថែមចំពោះការត្រៀមខ្លួនរបស់យើង ដើម្បីជំរុញឲ្យដល់លទ្ធភាពមួយ ដែលអាចឈានដល់ការប្រកួតប្រជែងមេដាយបាន។ នៅក្នុងការត្រៀមខ្លួនរបស់ប្រភេទកីឡាហែលទឹកនេះ គឺការបណ្តុះបណ្តាលនៅក្នុងស្រុក ដែលកំពុងបន្តធ្វើជាប់ជាប្រចាំ បើទោះជាបច្ចុប្បន្នស្ថិត នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏យើងនៅតែប្រឹងប្រែងទាំងក្នុងការប្រមូលផ្តុំ ការស្វែងរកទីតាំង និងផ្តោតសំខាន់ទៅលើកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដោយបានផ្លាស់ប្តូរការហ្វឹកហាត់ក្នុង១ថ្ងៃៗ ពីត្រឹម៤ម៉ោង មកហ្វឹកហាត់៦ម៉ោង ទៅ៦ម៉ោងកន្លះ ដោយចែកចេញជាពីរពេល ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោងកន្លះ។
May be an image of one or more people, indoor and pool
May be an image of one or more people, people playing sport and pool
ដូច្នេះហើយ បន្ទុកនៃការហ្វឹកហាត់ក៏មានភាពប្រែប្រួលដែរ ដែលតាមរយៈការខិតខំនេះនឹងផ្តល់នូវក្តីសង្ឃឹមឲ្យមានការប្រែប្រួលកាន់តែលឿន ហើយយើងចង់ឲ្យរីកចម្រើនរបស់ក្រុមជម្រើសជាតិហែលទឹកកាន់តែល្អប្រសើរបន្ថែមទៀត។ តាមលក្ខណៈបច្ចេកទេសវិស័យកីឡាហែលទឹកនេះ ត្រូវការពេលវេលាដើម្បីបន្តការអភិវឌ្ឍឲ្យកម្រិតបច្ចេកទេស ល្បឿនកាន់ឈានឆ្ពោះទៅមុខ ដែលអាចប្រកួតប្រជែងបាន។
May be an image of one or more people, people swimming, indoor and pool
May be an image of one or more people, people playing sport, pool and indoor
លោក ហែម គីរី បន្ថែមទៀតថា នៅក្នុងការត្រៀមខ្លួននេះដែរ ក៏សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមក្រុមជម្រើសជាតិចំនួន១០នាក់ កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងគ្រូបង្វឹកម្នាក់ទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលគោលដៅសំខាន់គឺផ្តោតទៅលើការចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមតែម្តង ដើម្បីវាស់ស្ទង់ថាតើហែលទឹកកម្ពុជាអាចដណ្តើមបានមេដាយ ឬមិនទាន់ដណ្តើមបាន ហើយរៀបចំផែនការបន្ថែមយ៉ាងណា ដើម្បីឲ្យទទួលបានមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះទាំងនេះ គឺជាជំហានថ្មីមួយ ក្នុងការស្ទាបស្ទង់កម្រិតសមត្ថភាពពិតប្រាកដរបស់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា។ ពីមុន យើងមានការខ្វះខាតមួយចំនួនជាមូលហេតុ ប៉ុន្តែពេលនេះយើងបានបំពេញបន្ថែមនូវការខិតខំទាំងឡាយ ដើម្បីលទ្ធផលមួយថ្មីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះឯង។
May be an image of one or more people and pool
May be an image of one or more people and pool
អគ្គលេខាធិការសហព័ន្ធរូបនេះក៏បានលើកបង្ហាញនូវការព្យាយាមស្វះស្វែងរកកីឡាករ កីឡាករិនីកូនខ្មែររស់នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹក ដែលបច្បុន្នជម្រើសជាតិហែលទឹកជាកូនខ្មែររស់នៅសហរដ្ឋអាមរិក៣នាក់ និងម្នាក់ទៀតហ្វឹកហាត់បាន២ឆ្នាំនៅប្រទេសថៃ។ បន្ថែមពីលើនេះ សហព័ន្ធក៏កំពុងរិះរកកូនខ្មែររស់នៅអូស្ត្រាលី បារាំងជាដើម ដើម្បីមកចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹកកម្ពុជា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺសហព័ន្ធនឹងពិនិត្យមើលគុណភាពបច្ចេកទេសរបស់កូនខ្មែរនៅក្រៅប្រទេសនេះខ្ពស់ៗជាងកូនខ្មែរនៅក្នុងស្រុក ដោយមិនមែនថាឲ្យតែកូនខ្មែរនៅបរទេសសុទ្ធតែយកទាំងអស់នោះឡើយ៕
May be an image of one or more people, people swimming and pool
May be an image of 5 people and people standing
ប្រភពរូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក