ស្រួង ភាវី ទទួលបានលិខិតសាទរពី ឯកអគ្គរាជទូតកម្ពុជា នៅកូរ៉េខាងត្បួង

0
250
ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញលិខិតជូនពរ និងអបអរសាទរជូនចំពោះលោកស្រី ស្រួង ភាវី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Blue One Resort LPBA Championship (ផ្នែកនារី) កាលពីពេលថ្មីៗនេះ នៅសាធារណរដ្ឋកូរ៉េ។
May be an image of text
May be an image of 1 person
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ ឯកឧត្តមបានសម្តែងនូវអំណរសាទរជាអនេក ប្រកបដោយមនោសញ្ចេតនារីករាយក្រៃលែង ក្នុងឱកាសដែលលោកស្រីទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្តរជាតិនេះ។ ឯកឧត្តមឯកអគ្គរាជទូតរូបនេះ បានចាត់ទុកថា នេះជាសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ ក្នុងអាជីពកីឡាស្នូកឃីរជម្រើសជាតិកម្ពុជារបស់លោកស្រី ហើយពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្ត្រីនៅក្នុងវិស័យកីឡា។ ជោគជ័យគួរជាទីមោទនៈរបស់លោកស្រី ក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកីឡាការិនីកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជា នៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។
May be an image of 1 person and standing
May be an image of 2 people, people standing and indoor
កីឡាការិនី ស្រួង ភាវី ក៏បានបង្ហាញនូវក្តីរីករាយតាមរយៈហ្វេសប៊ុករបស់ខ្លួនដែរថា «ខ្ញុំបានប្រកួតកីឡាស្នូកឃ័រពានរង្វាន់ជើងឯកពិភពលោកដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃមិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បីជាតិកម្ពុជារបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោកលេខ១បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ក្នុងសម័យកូវីដ-១៩ក៏ដោយ។ អរគុណបងប្អូនជនជាតិខ្មែរ ដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយបានផ្ដល់កំណើតដល់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់»។
May be an image of 9 people and people standing
សូមរំឭកថា កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ (ការ៉ុម) ពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ បានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។ ព្រឹត្តិការណ៍ Blue One Resort LPBA Championship នេះ គឺកីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ៕
May be an image of 4 people and people standing
May be an image of 2 people and people standing
Loading...