ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC បានចូលរួមអបអរសាទរលោកស្រី ស្រួង ភាវី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ដែលលោកស្រីដណ្ដើមបានជើងឯកការប្រកួតកីឡាស្នូកឃ័រការ៉ុមអន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារី) កាលពីថ្មីៗ នៅសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះលោកស្រី ស្រួង ភាវី ដែលបានខិតខំប្រឹងប្រែង រហូតដណ្ដើមបានជោគជ័យលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ ជាក់ស្ដែងពេលនេះ លោកស្រីបានដណ្ដើមពានរង្វាន់ដ៏ធំកម្រិតពិភពលោក Blue One Resort LPBA Championship ដែលជាការនាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិ ហើយជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនី និងយុវជនរបស់យើង។
ឯកឧត្តមរដ្ឋមន្ដ្រី និងជាប្រធាន NOCC ដដែលសង្ឃឹមថា លោកស្រី ស្រួង ភាវី នឹងបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ពិសេសលើប្រភេទវិញ្ញាសាស្នូកឃ័រ ដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីមានលទ្ធភាពដណ្ដើមមេដាយជូនជាតិកាន់តែច្រើន ពិសេសរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ព្រោះវិញ្ញាសាដែលលោកស្រីកំពុងប្រកបអាជីពបច្ចុប្បន្ន គឺប្រភេទកីឡាស្នូកឃ័រការ៉ុម ឬស្នូកឃ័រអាជីពនេះ មិនមានក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ។

ចំពោះកីឡាការិនី ស្រួង ភាវី បានបង្ហាញមោនទភាពជាខ្លាំង ក្រោយដណ្ដើមបានសមិទ្ធផលថ្មីជូនប្រទេសជាតិថា «ខ្ញុំបានប្រកួតកីឡាស្នូកឃ័រពានរង្វាន់ជើងឯកពិភពលោកដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោកលេខ១បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ទោះក្នុងសម័យកូវីដ-១៩ក៏ដោយ...» ។
ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃ មិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បីជាតិកម្ពុជារបស់ខ្ញុំ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស្នូកឃ័រការ៉ុមដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២១ ខែមិថុនា ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ ដោយមានកីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួមសរុប ៦៤នាក់។ ក្នុងនោះលោកស្រី ស្រួង ភាវី បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ហើយបានវាយបកយកឈ្នះក្នុងលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ដើម្បីគ្រងជើងឯកពានរង្វាន់កម្រិតពិភពលោកនេះតែម្ដង៕