ពេជ្រ សុវណ្ណខេមរិន្ទ្រ ប្រើពេល ២ ឆ្នាំ ទើបអាចរកគ្រាប់បាល់បានសារជាថ្មី

ខ្សែប្រយុទ្ធណាហ្គាវើលដ៍ ពេជ្រ សុវណ្ណខេមរិន្ទ្រ បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងសំណាញ់វិសាខាពេលក្រុមទាំង២ស្មើគ្នា២ទល់នឹង២ក្នុងការប្រកួត Metfone Cambodian League 2021 កាលពីសប្ដាហ៍ទី៦កន្លងទៅ។
គេថា នេះជាគ្រាប់បាល់ដំបូងរបស់គេក្នុងរយៈពេល២ឆ្នាំ ដោយគ្រាប់បាល់ចុងក្រោយកើតឡើងតាំងពីពេលលេងនៅអង្គរថាយហ្គឺរ កាលឆ្នាំ២០១៩ម្ល៉េះ។ ការខកខានរកគ្រាប់បាល់ដល់ទៅ២ឆ្នាំ ក៏ដោយសារតែកីឡាករមានប្រភពពីខេត្តសៀមរាបមានបញ្ហារបួសជង្គង់តាំងពីថ្ងៃខែមិថុនា ឆ្នាំ២០១៩ ដែលគេត្រូវអវត្តមានពីទីលានយូរក្រែលដែរ។ នេះក៏ជាគ្រាប់បាល់ដំបូងរបស់គេនៅណាហ្គាវើលដ៍ផងដែរ។ ពេជ្រ សុវណ្ណខេមរិន្ទ្រ រៀបរាប់ “៖ នេះជាគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅណាហ្គាវើលដ៍ និងជាគ្រាប់ដំបូងក្នុងរយៈពេល២ឆ្នាំតាំងពីនៅអង្គរថាយហ្គឺរ។ ខ្ញុំខានទាត់ចូលចាប់ពីខ្ញុំមានបញ្ហារបួសក្នុងខែ៦ ឆ្នាំ២០១៩ អ៊ីចឹងក៏មិនសូវបានលេងទេ។ ពេលខ្ញុំបានផ្ទេរមកណាហ្គាវើលដ៍នេះ ខ្ញុំពិតជាប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ព្រោះនៅនេះកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ហើយម្យ៉ាងក៏សម្បូរកីឡាករមានបទពិសោធច្រើន អ៊ីចឹងយើងត្រូវតែប្រឹងប្រែងអត់ទម្លាក់ទេ បានអាចមានឱកាសលេង។” ពេជ្រ សុវណ្ណខេមរិន្ទ្រ បន្ថែមថា ការផ្ដល់ឱកាសពីក្រុមការងារគ្រូបង្វឹកក្នុងការប្រកួតតទល់ក្រុមធំ និងអាចទាត់ចូលថែមទៀត ធ្វើឲ្យគេកាន់តែមានកម្លាំងចិត្ត ហើយយល់ឃើញថា ការខិតខំប្រឹងប្រែងពិតជាផ្ដល់មកវិញនូវផ្លែផ្កាល្អ។ គួរបញ្ជាក់ថា ពេជ្រ សុវណ្ណខេមរិន្ទ្រ ដែលធ្លាប់ជាប់ក្រុមធំជម្រើសជាតិកម្ពុជាកាលឆ្នាំ២០១៧ផងនោះ បានផ្លាស់ពីអង្គរថាយហ្គឺរ ទៅណាហ្គាវើលដ៍ នៅដើមរដូវកាល២០២១នេះ៕ អត្ថបទ៖ CNCC