ប៊ិន ចន្ថាធារី ពេញចិត្តនឹងលេងទម្លាក់មកការពារច្រើន ព្រោះអាចជួយក្រុមបានច្រើន

នៅក្រុមថ្មីវិសាខា ខ្សែបម្រើ ប៊ិន ចន្ថាធារី ត្រូវបានគ្រូបង្វឹករៀបចំឲ្យលេងតំណែងការពារកណ្ដាល (Center Back) ខណៈតួនាទីដើមរបស់គេជាខ្សែបម្រើ ជាពិសេសបម្រើការពារ។
យ៉ាងណា កីឡាករជម្រើសជាតិកម្ពុជារូបនេះអះអាងរីករាយចំពោះការរៀបចំពីគ្រូបង្វឹក ព្រោះមិនមែនតួនាទីថ្មីពេកទេសម្រាប់គេ ហើយគេក៏មានដៃគូល្អៗដូចជា Mohamed Faeez Khan, អ៊ុក សុវណ្ណ, ង៉យ ស្រ៊ីន, ស៊ិន សុផាណាត់ ជាដើម។ អតីតកីឡាករភ្នំពេញក្រោនឲ្យដឹងដែរថា ក៏ធ្លាប់លេងជាខ្សែការពារខ្លះដែរកាលនៅលីគកំពូលម៉ាឡេស៊ី ហើយនៅវិសាខា ភាគច្រើនទទួលបន្ទុកជាអ្នកការពារតែម្ដង។ ធារី ថ្លែងបែបនេះ “៖ នៅវិសាខា គ្រូចង់ឲ្យខ្ញុំលេងជាខ្សែការពារកណ្ដាល ទោះតួនាទីដើមខ្ញុំជាខ្សែបម្រើ។ ប៉ុន្តែខ្ញុំសប្បាយចិត្ត ឲ្យតែអាចជួយក្រុមបាន។ វាមិនមានអីពិបាកសម្រាប់ខ្ញុំទេ ហើយក៏មិនមែនថ្មីពេកដែរសម្រាប់ខ្ញុំ។ ខ្ញុំក៏មានដៃគូល្អៗ ដូចជា Mohamed Faeez Khan, អ៊ុក សុវណ្ណ, ង៉យ ស្រ៊ីន, ស៊ិន សុផាណាត់, ផុន តៃនិញ អីជាដើម ដោយយើងតែងតែជួយគ្នាទៅវិញទៅមករហូត។ កាលនៅ Terengganu ខ្ញុំក៏ធ្លាប់លេងការពារដែរក្នុងការប្រកួតខ្លះដែរ។ បើនៅវិសាខានេះ ខ្ញុំលេងជាខ្សែបម្រើតែពេលប៉ះប៉ូលិសទេ ហើយក្រៅពីហ្នឹង គ្រូឲ្យខ្ញុំលេងការពារ។” គួរដឹងដែរថា ប៊ិន ចន្ថាធារី បានចូលរួមជាមួយវិសាខានៅរដូវកាល២០២១នេះ ក្រោយចប់កិច្ចសន្យានៅក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Perak FC។ នៅក្រុមថ្មីវិសាខា គេបានបង្ហាញខ្លួនរៀងរាល់ការប្រកួតក្នុងក្របខណ្ឌ Metfone Cambodian League 2021៕ អត្ថបទ៖ CNCC