ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC បន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយត្រួតពិនិត្យឯកសារបូកសរុបលទ្ធផលការងារឆមាសទី១ និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។
May be an image of 1 person and sitting
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះថា «យើងបានបូកសរុប៦ខែនៃឆមាសទី១ គឺមានបញ្ហាប្រឈម ហើយយើងបានដោះស្រាយបញ្ហានានា ដែលបានកើតឡើងហើយក្នុង៦ខែនេះដែរ យើងឃើញថាអ្វីដែលសំខាន់ គឺឯឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញនូវគោលការណ៍ជាច្រើន ដែលរងនូវផលប៉ះពាល់ ហើយបានធ្វើការដោះស្រាយនូវបញ្ហាជាបន្តបន្ទាប់។
ដូច្នេះ សមិទ្ធផលទាំងឡាយនៅក្នុងឆមាសទី១នេះ គឺយើងទទួលបានច្រើនណាស់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបើទោះជាយើងទទួលរងនូវផលប៉ះពាល់ទាំងអស់នោះក្តី ក៏យើងបានធ្វើដំណើរ ក្នុងបរិបទថ្មី សម្រាប់ការងាររបស់យើងដែរ»។
May be an image of 1 person and sitting
ឯកឧត្តមបន្ថែមថា ការងារដែលប្រឈមមួយទៀត គឺផលប៉ះពាល់រឿងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ដូច្នេះយើងបានរៀបចំផែនការថ្មី ដោយលើកយកការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយពេលបញ្ចប់ និងទទួលបានការអនុញ្ញាតិពីរាជរដ្ឋាបាល ទើបយើងនឹងជួសជុលកែលម្អ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
May be an image of 1 person, sitting, standing and indoor
ដំណោះស្រាយទី២ គឺការរៀបចំការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ក៏ប៉ុន្តែយើងត្រូវរៀបចំការហ្វឹកហាត់ឲ្យមានវិធានការបិទខ្ទប់ប្រកបដោយសុវត្ថិភាពត្រឹមត្រូវ និងធានាបាននូវភាពកក់ក្ដៅរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រូវបានប្រមូលផ្ដុំគ្នានៅតាមទីលានហ្វឹកហាត់ នៅកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមទីកន្លែងមួយមួយចំនួនទៀត ដែលសហព័ន្ធកីឡាជាតិនានា មានកន្លែងរៀបរយរបស់គាត់ផ្សេងៗពីគ្នា។
May be an image of 1 person and sitting
ចំពោះផែនការសកម្មភាពការងារបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២១ គឺជាពេលវេលាដ៏សំខាន់ណាស់ សម្រាប់ CAMSOC ដែលយើងដឹងហើយថា ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងរៀបចំហ្គេម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយ កិច្ចការងារទាំងអស់ត្រូវបញ្ចប់ និងឲ្យបានរៀបរយទាំងអស់តែម្តង ដូចជាការកំណត់ប្រភេទកីឡា ការកំណត់វិញ្ញាសានៃប្រភេទកីឡាទាំងអស់ ខណៈទីលានប្រកួត ត្រូវបានកំណត់ការរៀបចំរួចរាល់អស់ហើយ ដោយត្រូវកែលម្អទីលានប្រកួតឲ្យត្រូវតាមស្តង់ដាបច្ចេកទេសប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺការប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ជាញឹកញាប់ និងធ្វើឲ្យកាន់តែសកម្មបន្ថែមទៀត នៅក្នុងផែនការនៃឆមាសទី២នេះ ពោលគឺគ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវតែបង្កើនល្បឿននៃផែនការសកម្មភាពតែម្តង។
May be an image of 1 person and sitting
ជាមួយគ្នានោះ នៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការយ៉ាងច្រើន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត យុទ្ធនាការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ឆ្នាប់សង្គមជាច្រើនទៀត និងបញ្ជូលបន្ថែមនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ក្នុងពេលដំណាលគ្នានេះដែរ។ ក្នុងនោះ យុទ្ធនាការជាតិ ដ៏សំខាន់មួយ គឺCAMSOCនឹងបើកយុទ្ធនាការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយរួមគ្នាផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗជាសមាជិកអាស៊ីអាគ្នេយ៍ នឹងជួយជ្រោមជ្រែងដល់ការផ្សព្វផ្សាយនេះផងដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ នឹងប្រកាសបើកជាផ្លូវវការដ៏ខ្ពង់ខ្ពស់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែម្តង នៅក្នុងក្របខ័ណ្ឌរាជធានី-ខេត្តទូទាំងប្រទេស នាពេលខាងមុខ។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។
May be an image of 1 person and sitting
សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏អធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ នឹងស្វែងរក និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយ ដើម្បីបន្តការផ្សាយបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ។ សូមរំឭកថា កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការយ៉ាងអធិកអធមបំផុតម្តងហើយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕
May be an image of 4 people, people sitting and people standing