CAMSOC-ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានចូលរួមការប្រកួតកីឡាស្នូកឃ័រការ៉ុមជ្រើសរើសជើងឯក PBA Team League 2021-2022 ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយទៀត នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រីដណ្ដើមបានជើងឯកពានរង្វាន់កម្រិតពិភពលោក Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនាកន្លងទៅ។


លោកស្រី ស្រួង ភាវី បានឲ្យដឹងថា ការប្រកួតពានរង្វាន់ PBA Team League 2021-2022 គឺជាការប្រកួតជាក្រុម ដែលមានកម្រិតប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួត Blue One Resort LPBA Championship កាលពីពេលថ្មីៗ ដែលជាការប្រកួតលក្ខណៈឯកត្តជន។
អ្វីដែលពិសេសសម្រាប់ការប្រកួតជាក្រុមនេះ គឺថាក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០ម៉ឺនដុល្លារឯណោះ។
កីឡាការិនីដ៏ល្បីរបស់កម្ពុជារូបនេះបន្ដថា ព្រឹត្តិការណ៍នេះ មានក្រុមខ្លាំងៗ តំណាងក្រុមហ៊ុនយក្សនៅកូរ៉េចំនួន ៨ ចូលរួម ដែលចម្រាញ់សុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ពិភពលោក មកប្រកួត ជាក់ស្ដែងលោកស្រីលេងឲ្យក្រុមហ៊ុន Blue One Resort ជាមួយមិត្តរួមក្រុម ៥នាក់ទៀត ដែលមានជនជាតិអេស្ប៉ាញម្នាក់ និងកូរ៉េ ៤នាក់។
ចំពោះការប្រកួតគ្រោងធ្វើឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី៦-កក្កដា រហូតដល់ដំណាច់ខែនេះ ដើម្បីចម្រាញ់រកក្រុមជើងឯក។

កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំ លោកស្រី ស្រួង ភាវី បានបង្ហាញនូវមោទនភាព ដែលទទួលបានការគាំទ្រ និងត្រូវបានអញ្ជើញចូលរួមការប្រកួតព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ ហើយលោកស្រីបានប្ដេជ្ញា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមលទ្ធផលល្អ ជូនអ្នកគាំទ្ររបស់ខ្លួន ទាំងនៅសាធាណរដ្ឋកូរ៉េ និងនៅកម្ពុជា ពិសេសនាំមកនូវកិត្តិយសជូនប្រទេសកំណើតរបស់ខ្លួនផ្ទាល់តែម្ដង។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ធ្លាប់បានសម្ដែងនូវការកោតសរសើរជារឿយៗ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាការិនី ស្រួង ភាវី ហើយឯកឧត្តមបានជំរុញអោយលោកស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ពិសេសលើប្រភេទវិញ្ញាសាស្នូកឃ័រ ដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីមានលទ្ធភាពដណ្ដើមមេដាយជូនជាតិកាន់តែច្រើន ពិសេសរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដ្បិតវិញ្ញាសាដែលលោកស្រីកំពុងប្រកបអាជីពបច្ចុប្បន្ន គឺប្រភេទកីឡាស្នូកឃ័រការ៉ុម ឬស្នូកឃ័រអាជីពនេះ មិនមានក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលលោកស្រី ស្រួង ភាវី បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដ្បិតរយៈពេលជាង ១០ឆ្នាំកន្លងមក ដែលលោកស្រីទៅរស់នៅ និងប្រកបអាជីពកីឡាស្នូកឃ័រការ៉ុមនៅទីនោះ លោកស្រីបានប្រកួតលក្ខណៈក្លឹប ដោយធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិប្រចាំប្រទេសកូរ៉េជាច្រើនមកហើយ។ មិនតែប៉ុណ្ណោះ លោកស្រីក៏ធ្លាប់ចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក ដោយដណ្ដើមបានមេដាយសំរឹទ្ធជូនប្រទេសកម្ពុជាទៀតផង៕
