សហព័ន្ធរាំ ថាការពន្យារពេលស៊ីហ្គេម គឺជាឱកាសសម្រួចបច្ចេកទេសកាន់តែល្អ

CAMSOC-ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ហង់ ស៊ីមន បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ការពន្យារពេលនៃស៊ីហ្គេម លើកទី៣១ របស់ម្ចាស់ផ្ទះវៀតណាម ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អ ដែលក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា មានពេលវេលាកាន់តែច្រើន ក្នុងការបង្កើនគុណភាពបច្ចេកទេសឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេមនេះ។
May be an image of 1 person, sitting and indoor
លោកស្រីអគ្គលេខាធិការបានលើកឡើងថា ដោយសារតែនៅក្នុងបរិបទកូវីដ-១៩ ក្រុមជម្រើសជាតិកីឡារំា ក៏ដូចជាក្រុមជម្រើសជាតិជាច្រើនទៀត កំពុងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនជាបណ្តោះអាសន្ន ដោយមិនមានការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនោះឡើយ។
ការហ្វឹកហាត់នៅតាមផ្ទះ ដោយគ្រាន់តែមានការត្រួតពិនិត្យពីគ្រូបង្វឹកតាមប្រព័ន្ធអនឡាញបែបនេះ មិនអាចបង្កើនគុណផលកីឡាកម្រិតខ្ពស់ឲ្យបានល្អប្រសើរនោះទេ។
May be an image of 2 people and text
បច្ចុប្បន្ន ក្រុមជម្រើសជាតិកីឡារាំកម្ពុជា មានកីឡាករ៥នាក់ និងកីឡាការិនី៥នាក់ កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះនៅឡើយ ហើយសហព័ន្ធក៏កំពុងរង់ចាំការរៀបចំការហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីបង្ការឲ្យផុត និងធានាឲ្យបានសុវត្ថិភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩។
May be an image of one or more people and text
ជាមួយនិងការពន្យារពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា សហព័ន្ធកីឡារាំកម្ពុជា មានផែនការយុទ្ធសាស្ត្ររៀបចំការហ្វឹកហាត់នេះឲ្យកាន់តែល្អបន្ថែមទៀត ក្នុងគោលដៅប្រើប្រាស់ពេលវេលាហ្វឹកហាត់ប្រមាណ១ឆ្នាំទៀតនេះ ដើម្បីឆ្ពោះទៅស្វែងរកមេដាយ ក្នុងកម្រិតណាមួយ ពីស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់ CAMSOC ពីព្រោះថា ស៊ីហ្គេម លើកទី៣១នេះ គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយរបស់កម្ពុជា ក្នុងការសម្រេចលទ្ធផលដ៏គាប់ប្រសើរមួយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣របស់ខ្លួន។
លោកស្រី ហង់ ស៊ីមន បញ្ជាក់ចុងក្រោយថា សម្រាប់ការត្រៀមលើវិញ្ញាសាស៊ីហ្គេម នៅប្រទេសវៀតណាមនេះ គឺសហព័ន្ធនៅតែរក្សាការចូលរួមប្រកួតលើវិញ្ញាសាទាំងអស់ ដែលម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានកំណត់បង្ហាញកាលពីពេលកន្លងទៅ ដោយគ្រាន់តែមិនទាន់បញ្ជាក់ពីលក្ខណៈបច្ចេកទេស Technical Handbook នៅឡើយប៉ុណ្ណោះ។ នៅក្នុងចំណោមពីរប្រភេទធំៗនេះ គឺប្រភេទ Standard Dance មាន៥វិញ្ញាសា និងប្រភេទ Latin Dance មាន៥វិញ្ញាសា។ នៅពេលនេះមិនទាន់ដឹងថា មានប៉ុន្មានប្រទេសចូលរួមប្រជែងមេដាយ សម្រាប់ស៊ីហ្គេម នៅវៀតណាមលើកនេះនៅឡើយទេ ប៉ុន្តែកាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មានប្រទេសចូលរួមចំនួន៨ ក្នុងចំណោម១១ប្រទេសនៃអាស៊ីអាគ្នេយ៍។ ប្រទេសខ្លាំងៗ ក្នុងតំបន់នេះ មានដូចជាថៃ វៀតណាម និងហ្វីលីពីនជាដើម។
May be an image of 2 people and text
លោកស្រីអគ្គលេខាធិការបន្ថែមថា សហព័ន្ធកីឡារាំកម្ពុជាទើបតែចូលរួម ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនតែម្តងប៉ុណ្ណោះ ដែលមិនដណ្តើមបានមេដាយ ដោយបានត្រឹមចំណាត់ថ្នាក់លេខ៤ចំនួន២វិញ្ញាសាដែរ ក្នុងចំណោម៨ប្រទេស។ ទោះយ៉ាងនេះក្តី ក៏លោកស្រីបានបង្ហាញនូវឆន្ទៈមុះមុតរបស់សហព័ន្ធរាំកម្ពុជាដែរថា នៅក្នុងការចូលរួមប្រកួតជាលើកទី២ ក្នុងស៊ីហ្គេម លើកទី៣១ គឺកីឡាករ កីឡាការិនី ប្តេជ្ញាចិត្តខ្ពស់ថានឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្រោមការជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ ដើម្បីប្រជែងបាននូវកិត្តិយស និងមេដាយជូនជាតិ តាមរយៈការបណ្តុះស្មារតីឲ្យខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស និងកែប្រែនូវចំណុចខ្សោយកន្លងមក ដើម្បីឈានឆ្ពោះទៅរកឧត្តមភាពកាន់តែល្អលើឆាកអន្តរជាតិនៃហ្គេមអាស៊ីអាគ្នេយ៍មួយនេះ។
សូមរំឭកថា សហព័ន្ធកីឡារាំកម្ពុជា ធ្លាប់ប្រជែងមេដាយអន្តរជាតិជាច្រើនលើក ដូចជាបានចូលរួមប្រកួត Indoor Game នៅប្រទេស Turkmenistan បានចំណាត់ថ្នាក់លេខ៥ និងលេខ៦ ក្នុងចំណោម១៥ប្រទេស ឆ្នាំ២០១៧, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ីនៅតៃវ៉ាន់ ទទួលបានមេដាយប្រាក់១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ និងមេដាយសំរឹទ្ធ១គ្រឿង ឆ្នាំ២០១៨, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ី និង Open នៅហុងកុង ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង ឆ្នាំ២០១៨, បានចូលរួមប្រកួតជើងឯកអាស៊ី Singapore Superstar Championship 2019 ដណ្តើមបានមេដាយប្រាក់២គ្រឿង នៅប្រទេសសឹង្ហបុរី ឆ្នាំ២០១៩, បានចូលរួមប្រកួតកីឡារំាអាស៊ី ADSF Asian Open Latin Dance ឆ្នាំ២០១៩ នៅតៃវ៉ាន់ ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង៕