ណាហ្គា និង ទ័ព យកបាន ៣ ពិន្ទុ ពីគូប្រកួតដូចគ្នា ក្នុងសប្តាហ៍ទី ៨

0
126

ក្រុមភ្ញៀវណាហ្គាវើលដ៍ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សុទ្ធតែទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះដូចៗគ្នាក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 នៅថ្ងៃពុធ ទី១៤ ខែកក្កដា នេះ តែក៏ជាលទ្ធផលតានតឹងដូចគ្នាផងដែរ។

ជាក់ស្ដែងក្រុមភ្ញៀវណាហ្គាវើលដ៍បាននាំមុខក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត០ទល់នឹង៤ទៅហើយគិតត្រឹមនាទី៣៥ តែការប្រកួតយ៉ាងស្វិតស្វាញ និងវាយបកជាបន្តបន្ទាប់ ធ្វើឲ្យក្រុមលោក មាស ចាន់ណា ឈ្នះដោយលទ្ធផល៣ទល់នឹង៥។

៤គ្រាប់ដំបូងរបស់ណាហ្គាវើលដ៍ធ្វើបានដោយខ្សែបម្រើជប៉ុន Fumiya Kogure ក្នុងនាទីទី៦ និងនាទីទី៩, នុប តុលា នាទី២៨ និង Marcio Marques នាទី៣៤។

រំលងត្រឹមមួយនាទីពីគ្រាប់របស់ Marcio ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី បានទាត់បញ្ចូលទីមួយគ្រាប់ឲ្យអាស៊ីអឺរ៉ុបយូណាយធីត មុន Samuel Ajayi Gbenga បានទាត់បន្ថែមបញ្ចូលទី ពីការទាត់ប៉េណាល់ទីមិនចូលរបស់គេ ក្នុងនាទី៤២។ ចប់វគ្គទី១ ណាហ្គាវើលដ៍នាំមុខ AEU ២ទល់នឹង៤។

ចូលដល់វគ្គទី២ នាទី៥៨ សុក ច័ន្ទរស្មី ឆក់បាល់ពីជើងរបស់អ្នកចាំទី ស៊ូ យ៉ាទី ទាត់បន្ថែមគ្រាប់ទី៣ឲ្យអាស៊ីអឺរ៉ុបយូណាយធីត។ យ៉ាងណា Marcio បានទាត់បន្ថែមគ្រាប់ទី៥ឲ្យណាហ្គាវើលដ៍ក្នុងនាទី៨៨ ដោយបាល់ហ្វ្រីឃីកកាត់ជើងខ្សែការពារអាស៊ីអឺរ៉ុបបញ្ចូលទី។

នៅកីឡដ្ឋានគិរីវង់សុខសែនជ័យឯណោះវិញ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះម្ចាស់ផ្ទះគិរីវង់ ០ទល់នឹង១ ដែលគ្រាប់បាល់នេះកើតឡើងពីខ្សែបម្រើប្រយុទ្ធប្រេស៊ីល Romario Alves តាំងពីនាទីទី០៤។ ទោះជាមានការសំរុកច្រើនពីម្ចាស់ផ្ទះ តែមិនអាចទម្លុះសំណាញ់របស់ Tiffy Army បានឡើយ៕

អត្ថបទ៖ CNCC

Loading...