ឡុង ម៉េងហាវ “៖ ការប្រឹងប្រែងធ្វើឲ្យខ្ញុំមានឱកាសរួមចំណែកបានច្រើននៅថាយហ្គឺរ”

ការប្រឹងប្រែងធ្វើឲ្យ ឡុង ម៉េងហាវ ទទួលបានឱកាសពីគ្រូបង្គោល និងអាចរួមចំណែកបានច្រើននៅអង្គរថាយហ្គឺរ។
នេះជាការលើកឡើងពីឡុង ម៉េងហាវ ដែលបានបង្ហាញភាពលេចធ្លោ ជាពិសេសការ assist ឲ្យមិត្តរួមក្រុមក្នុងការប្រកួត Metfone Cambodian League 2021 កន្លងទៅ។ អតីតខ្សែបម្រើវិសាខា និងអគ្គិសនីកម្ពុជា មិនបានបង្ហាញខ្លួនទេពេលស្មើព្រៃវែងអេហ្វស៊ីបើកឆាក MCL រដូវកាលនេះ តែបានប្ដូរចូលក្នុងវគ្គទី២ពេលឈ្នះគិរីវង់សុខសែនជ័យនៅប្រកួតទី២ ហើយទាត់ចូលមួយគ្រាប់ថែមទៀតនាពេលនោះ។ ចាប់តាំងពីពេលនោះមក គេក៏ទទួលបានទំនុកចិត្តពីគ្រូបង្គោល Oriol Mohedano ជាបន្តបន្ទាប់។ គេថា ទាំងនេះបានមកពីការខិតខំប្រឹងប្រែង។ ម៉េងហាវ រៀបរាប់ “៖ ខ្ញុំខំប្រឹងហាត់អ៊ីចឹងទៅ គ្រូអាចមើលពីការខំប្រឹង ទេពកោសល្យ និងបច្ចេកទេស អ៊ីចឹងគាត់អាចផ្ដល់ឱកាសដល់យើង។ ជាធម្មតាទេ តែគាត់ឃើញប៉ុណ្ណឹង គាត់អាចផ្ដល់ឱកាសដល់យើងហើយ។ អ្វីដែលយើងត្រូវធ្វើ គឺខំប្រឹង។ ដូច្នេះហើយបានជាខ្ញុំអាចរួមចំណែកជួយអង្គរថាយហ្គឺរបានច្រើនកន្លងមកហ្នឹង។ គ្រប់យ៉ាងចេញពីការហ្វឹកហាត់ និងខំប្រឹងរបស់យើង។ ខ្ញុំសង្ឃឹមថា នឹងអាចរួមចំណែកបានច្រើនថែមទៀត។” អតីតយុវជនសាលាបាល់ទាត់ជាតិបាទីដដែលសង្កត់ធ្ងន់ថា អ្វីសំខាន់បន្ថែមទៀតនោះ គឺព្យាយាមលេងទៅតាមយុទ្ធសាស្ត្ររបស់គ្រូ។ ទន្ទឹមនឹងនេះ កីឡាករបរទេសមួយចំនួនវិញ ទោះទើបមកដល់កម្ពុជាលើកដំបូង តែមានការសហការគ្នាល្អ ធ្វើឲ្យការលេងលើទីលានមានភាពរលូន។ គួររំឭកថា ឡុង ម៉េងហាវ បានចូលរួមជាមួយអង្គរថាយហ្គឺរនៅរដូវកាល២០២១នេះ ក្រោយចាកចេញពីអគ្គិសនីកម្ពុជា។ គិតមកទល់ពេលនេះ គេ assist បាន៤ដងហើយដែលក្នុងនោះមាន៣លើកធ្វើបានពេលឈ្នះក្រុមចាស់អគ្គិសនីកម្ពុជា៣ទល់នឹង១នៅថ្ងៃទី១២ ខែកក្កដា។ ម៉េងហាវ ក៏ស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរ៕ អត្ថបទៈ CNCC