ភ្នំពេញក្រោនស្មើវិសាខា ខណៈសូលទីឡូបានពិន្ទុលើកដំបូង

គ្រាប់បាល់ពីរ៉ឹង ប៊ុហៀង ក្នុងនាទី៩០ជួយឲ្យវិសាខាវាយបកបានមួយពិន្ទុពីម្ចាស់ផ្ទះភ្នំពេញក្រោន តាមរយៈលទ្ធផលស្មើគ្នា៣ទលនឹង៣ ការប្រកួត Metfone Cambodian League នៅ Smart RSN ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា។ ភ្នំពេញក្រោនបាននាំមុខមុនក្នុងនាទីទី៣ ដោយ Andres Nieto មុនកែវ សុខផេង តែតតាមស្មើនាទី៣៣។
ដល់នាទី៤០ Valerii Hryshyn ទាត់ឲ្យក្រោននាំមុខជាថ្មី។ ចូលដល់វគ្គទី២ នាទី៥៥ កែវ សុខផេង តាមស្មើឲ្យវិសាខា បានមួយនាទី ពោលនាទី៥៦ Nieto ទាត់មួយគ្រាប់ទៀតឲ្យក្រោននាំមុខ៣ទល់នឹង២។ រ៉ឹង ប៊ុនហៀង ដែលប្ដូរចូលក្នុងវគ្គទី២ បានទាត់ចូលពីការភ្លាត់ស្នៀតដោយអ្នកចាំទី អ៊ុ វិចិត្រ ក្នុងនាទី៩០។ ដូច្នេះភ្នំពេញក្រោន និងវិសាខា នៅតែជាក្រុមមិនទាន់ចាញ់នៅ MCL 2021 នេះ។ ចំណែកសូលទីឡូអង្គរទទួលបានពិន្ទុលើកដំបូងក្នុងរដូវកាលនេះ ក្រោយស្មើណាហ្គាវើលដ៍ ៣ទល់នឹង៣ក្នុងការប្រកួតនៅសៀមរាប។ សូលទីឡូបាននាំមុខ២ទល់នឹង០មុនក្នុងវគ្គទី១ ដោយ ណង វិលិក នាទីទី៤ និង រដ្ឋ សំណាង នាទី២៨។ ចូលដល់វគ្គទី២ គួច សុកុម្ភៈ ទាត់មួយគ្រាប់ពីក្រោយឲ្យណាហ្គា នាទី៤៩។ ណង វិលិក បានទាត់បញ្ចូលទីថែមគ្រាប់ទៀតសម្រាប់ក្រុមលោក អ៊ុក សុធី នាទី៥៩។គ្រាប់ទី២របស់ណាហ្គាកើតឡើងក្នុងនាទី៧៣ ដោយនុប តុលា មុននេន សុធារដ្ឋ ទាត់មួយជើងឆ្វេងតាមស្មើនាទី៩០+៤។ មួយគូទៀត ព្រះខ័នរាជស្វាយរៀងបានបំបាក់ម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល០ទល់៦។ គ្រាប់ទាំង៦របស់ក្រុមលោក Conor Nestor ធ្វើបានដោយ Robert Lopez Mendy, នី សុខរី, សឿយ វិសាល, Privat Mbarga ២គ្រាប់ និងគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារគិរីវង់ ជួង មករា៕ អត្ថបទ៖ CNCC