TOKYO 2020៖ កីឡាជាច្រើន ចាប់ផ្ដើមប្រកួតថ្ងៃនេះ ក្រោយពិធីបើកផ្លូវការ ដោយដំណើរការយ៉ាងរលូន

CAMSOC-ភ្នំពេញ៖ ក្រោយការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) បានប្រារព្ធពិធីបើកផ្លូវការដោយជោគជ័យ កាលពីយប់មិញ នៅថ្ងៃទី២៤ ខែកក្កដានេះ គេឃើញមានប្រភេទកីឡាជាច្រើន បានចាប់ផ្ដើមការប្រកួត ដូចជាកីឡាបាល់ទះ បាល់ទះឆ្នេរខ្សាច់ យូដូ វាយកូនបាល់ វាយសី វាយកូនឃ្លីលើតុ និងកីឡាហុកគីជាដើម។
នេះបើយោងតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ពីទីក្រុងតូក្យូថា ការប្រកួតតាមប្រភេទកីឡានីមួយៗ ត្រូវបានគ្រប់គ្រងដោយសហព័ន្ធកីឡាអន្តរជាតិ និងប្រព្រឹត្តទៅយ៉ាងរលូន មានសណ្តាប់ធ្នាប់ គោរពវិន័យបានល្អ គោរពគោលការណ៍ Fair Play និងមានក្រមសីលធម៌កីឡា នៅគ្រប់ទីលានប្រកួត ហើយអត្តពលិកអូឡាំពិក បានសប្បាយចិត្តជាមួយការចាប់ផ្ដើមការប្រកួត ដែលពួកគេបានរង់ចាំ ក្រោយការពន្យារ១ឆ្នាំយ៉ាងអន្ទះសា ពិសេសពួកគេខិតខំហ្វឹកហាត់ត្រៀម ៤ ទៅ ៥ ឆ្នាំ ដោយរំពឹងថា ត្រូវបានចូលរួមប្រកួតជាក់ស្តែង។ ដូចលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) បានមានប្រសាសន៍ក្នុងពិធីបើកថា «អរគុណការអត់ធ្មត់របស់អត្តពលិកអូឡាំពិក តែយើងបានពុះពារនាំក្តីសង្ឃឹមមកឲ្យអ្នកហើយ»។
ក្នុងព្រឹត្ដិការណ៍កីឡា៤ឆ្នាំម្ដងនេះ អត្តពលិកល្បីល្បាញ ជុំវិញពិភពលោកបានបង្ហាញ និងបញ្ចេញសមត្ថភាពជំនាញរបស់ខ្លួនយ៉ាងប៉ិនប្រសព្វ គួរជាទីពេញចិត្ត។ ទន្ទឹមជាមួយគ្នា ទូរទស្សន៍ជប៉ុន និងបរទេស បានទិញសិទ្ធិផ្សព្វផ្សាយ បណ្តាញសង្គមនានា ក៏បានចែកចាយជុំវិញពិភពលោក ផ្ដល់ឲ្យមនុស្សលើផែនដីជាង២ពាន់លាននាក់បាននឹងកំពុងទស្សនា។ ចំណូលបានមកពីការលក់សិទ្ធិផ្សព្វផ្សាយតែមួយគត់ប្រមាណជិត ១កោដិដុល្លារអាមេរិកឯណោះ ព្រោះប្រជាជនប្រទេសគេ ត្រូវទិញសិទ្ធិមើលគ្រប់ៗគ្នា មិនអាចមើល ដោយឥតគិតថ្លៃ (Free) បានទេ។ ដូច្នេះហើយទើបការលក់សិទ្ធិនេះបានថ្លៃ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ កម្ពុជាទទួលបានសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនី ៣រូប លើ ២ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ខណៈអ្នកទាំង៣ នឹងត្រូវប្រកួតនាថ្ងៃទី០១ ខែសីហាខាងមុខ៕