អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ចុង​សប្ដាហ៍​នេះ

CAMSOC-ភ្នំពេញ៖ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង​កីឡា​ហែលទឹក និង​កីឡា​​អត្ត​ពល​កម្ម បាន​នឹង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​តាម​ការ​កំ​ណត់ និង​ពេល​វេលា​រៀប​ចំ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ត្រៀម​ការ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ។
May be an image of one or more people, people swimming, pool and text that says "S #SPORTSLIVEINPEACE"
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បាន​មាន​ប្រសាសន៍ពីទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនីរបស់យើង បាន​បន្ដ​ខិត​ខំ​ហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុង​ការហ្វឹក​ហាត់ នៅ​ទី​លាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយ​កីឡា​ករ-កី​ឡា​ការិនីរបស់យើងបានចូលរួមហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិ​សាសន៍ថ្ងៃនេះ ឃើញថា យើងកម្ដៅសាច់ដុំ និង​មាន​ទឹកចិត្តល្អក្នុង​ការ​ហ្វឹក​ហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នា​ល្ងាចថ្ងៃទី៣០ ខែ​កក្កដា​ឲ្យបានល្អប្រសើរ»។
May be an image of one or more people, people playing sport and outdoors
ឯកឧត្តមនាយបេសកកម្មបន្ដថា «នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹក​របស់​យើង ក្នុងប្រភេទកីឡាទាំង ២ បានជំរុញការហ្វឹកហាត់ឲ្យបានល្អ និង​ត្រឹម​ត្រូវ ហើយឆ្លៀតមើលបទពិសោធន៍របស់កីឡា​ករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បី​ដក​ស្រង់បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ ក៏​ដូច​ជា​មើល​ឃើញ​នូវ​របៀប​យកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបនឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង។
ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ»។
May be an image of child and pool
គួរបញ្ជាក់ថា អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប នឹងត្រូវ​ប្រកួត​នា​ល្ងាច​ថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុង​នោះ​កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5)។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀល​ថ្ងៃទី​៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕
May be an image of 1 person, standing and outdoors