ណង វីលីក រំឭកពីប្រវត្តិបាល់ទាត់របស់ខ្លួន

ខ្សែប្រយុទ្ធវ័យក្មេង ណង វីលីក រំឭកថា ចាប់ផ្ដើមចូលចិត្តបាល់ទាត់តាំងពីនៅតូចម្ល៉េះពេលរស់នៅខេត្តកណ្ដាល តែទើបមានឱកាសចូលហ្វឹកហាត់តាមរយៈការចូលរួមជាមួយក្រុម Next Step ក្រោយផ្លាស់ទៅរស់នៅខេត្តសៀមរាបជាមួយឪពុកម្ដាយ។ 

ការមានឱកាសចូលហ្វឹកហាត់នៅ Next Step នេះត្រូវបានកីឡាករវ័យ១៨ឆ្នាំ ប្រាប់ថា ដោយសារតែក្រុមនេះនៅជិតផ្ទះរបស់គេ។

មួយឆ្នាំក្រោយមក សូលទីឡូអង្គរក៏កម្មវិធីធ្វើតេស្ដជ្រើសរើសយុវជនអាយុក្រោម១៨ឆ្នាំ គេក៏សម្រេចចិត្តទៅសាកល្បងដោយមានការណែនាំពីកីឡាករ កែវ សុផល។ ហ្វឹកហាត់នៅក្រុមថ្នាលសូលទីឡូអង្គរ បាន២ឆ្នាំ កីឡាករដែលផ្លាស់ទៅរស់នៅខេត្តសៀមរាបបាន៦ឆ្នាំមកនេះ ត្រូវបានដំឡើងចូលក្រុមធំ រដូវកាល២០២១។

វីលីក រំឭកថា កាលណោះ ម៉ាក់ប៉ារបស់គេចង់ឲ្យរៀនសូត្រច្រើនជាងលេងបាល់ទាត់ ព្រោះពេលខ្លះក៏ត្រូវជិះកង់ទៅហាត់នៅកន្លែងឆ្ងាយ ហើយទៅដល់ផ្ទះយប់ៗ។ ជួនកាល គេក៏ត្រូវរំពាត់ឪពុកម្ដាយថែមទៀត។ យ៉ាងណា បច្ចុប្បន្នឪពុកម្ដាយរបស់គេមិនបានឃាត់ឃាំងទៀតឡើយ ដោយមានតែលើកទឹកចិត្តច្រើនជាងមុន។

យុវសិស្សកំពុងសិក្សាថ្នាក់ទី១១ដដែលបង្ហើបថា ធ្លាប់មានបំណងចង់ក្លាយជាកីឡាករអាជីពមួយរូប តែមិនគិតថា អាចជាប់ជម្រើស១១នាក់ដំបូងញឹកញាប់បែបនេះទេ ព្រោះមិនសូវមានបទពិសោធច្រើន។ ណង វីលីក រកគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់សូលទីឡូអង្គរចំនួន២គ្រាប់តែម្ដង ក្នុងជំនួបស្មើណាហ្គាវើលដ៍៣ទល់នឹង៣ កាលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា។ គេបានតែតបញ្ចូលទីពីការ cross ដោយមិត្តរួមក្រុម លី ឌុក ក្នុងនាទីទី៤ និងមួយគ្រាប់ទៀត គឺទាត់ចូលចន្លោះជើងអ្នកចាំទី ស៊ូ យ៉ាទី ក្នុងនាទី៥៩។

វីលីក បានចាត់ទុកគ្រាប់បាល់បញ្ចូលទីណាហ្គាវើលដ៍នេះជាកម្លាំងជំរុញទឹកចិត្ត និងបន្តការប្រឹងប្រែងដើម្បីជួយសូលទីឡូអង្គរទទួលបានលទ្ធផលប្រសើរ ក៏ដូចជារកបានជ័យជម្នះលើកដំបូងក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១៕

អត្ថបទ៖ CNCC