អ្នកចាំទីអគ្គិសនី គង់ ពីលត់ ចូលហាត់ជាមួយមិត្តរួមក្រុមវិញក្រោយធូរស្បើយពីរបួស

អ្នកចាំទីក្លិបអគ្គិសនីកម្ពុជា គង់ ពីលត់ ប្រាប់ថា បានចូលហ្វឹកហាត់ ជាមួយមិត្តរួមក្រុម២សប្ដាហ៍ហើយ ដោយរបួសជង្គង់ និងប្រេះទ្រនាប់ឆ្អឹងជើងរបស់គេបានប្រសើរច្រើនជាងមុន។

បច្ចុប្បន្នគេកំពុងហាត់បន្សុំាជាមួយបាល់, សាច់ដុំ និងលំហាត់មួយចំនួនទៀត។ គេថា ស្ថានភាពកាយសម្បទារបស់គេនឹង១០០ភាគរយវិញនាពេលឆាប់ៗខាងមុខ។

អតីតយុវជនបាទី ឲ្យដឹងបែបនេះ "៖ ខ្ញុំបានហាត់ជាមួយគេវិញ២អាទិត្យហើយ។ ជើងខ្ញុំបានប្រសើរវិញហើយ ហើយកំពុងហាត់ឲ្យសុំាជាមួយបាល់ និងសាច់ដុំ ហើយលំហាត់ផ្សេងៗទៀតក៏បានច្រើនដែរ ដូចជាការ gym និងរត់ដើម្បីយកកម្លាំងមកវិញ។ និយាយពីរឿងធ្លាក់ចុះវិញ អត់មានអីច្រើនទេ គ្រាន់តែកត្តាកម្លាំងប៉ុណ្ណឹងទេ។ ឥឡូវអត់ទាន់ហ៊ានចូលប្រជែងអីច្រើនទេ ទាល់តែមួយរយៈទៀត។ មើលទៅមិនយូរទេ នឹង fit ១០០ភាគរយ។"

មានរយៈពេលមួយឆ្នាំហើយដែលគង់ ពីលត់ បានរងរបួសដាច់សរសៃពួរជង្គង់ និងបែកទ្រនាប់ឆ្អឹងជង្គង់ខាងឆ្វេង ដោយសារការប៉ះទង្គិចជាមួយខ្សែប្រយុទ្ធក្លិបបាល់ទាត់នគរបាលជាតិអំឡុងការប្រកួត Metfone Cambodian League 2020។ គេបានទទួល ការវះកាត់ និងក្រោយមកបានហ្វឹកហាត់ដោយខ្លួនឯងរហូតមក។ 

កីឡាករធ្លាប់លេងនៅវិសាខាប្រាប់ថា នេះជាលើកទីមួយហើយដែលជួបបញ្ហារបួសកម្រិតខ្លាំងបែបនេះ ដោយពីមុនមកធ្លាប់មានតែរបួសតិចតួច និងសម្រាករយៈពេលខ្លី៕

អត្ថបទ៖ CNCC