Privat បង្ហាញការយល់ឃើញចំពោះការប្រជែងស្បែកជើងមាសឆ្នាំនេះ

Privat Mbarga កំពុងនាំមុខ លើ តារាង Top Scorer នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១នេះ ដោយមាន ១១គ្រាប់ នាំមុខ ខ្សែប្រយុទ្ធអាស៊ីអឺរ៉ុបយូណាយធីត  Abbee Ndjoo មួយគ្រាប់។ 

ពេលត្រូវបានសួរថារំពឹងឈ្នះស្បែកជើងមាស MCL ជាលើកទី៣ជាប់គ្នាបានទេ កីឡាករជនជាតិកាមេរូនឆ្លើយថា មានតែព្រះជាម្ចាស់ទេអាចដឹងថា គេធ្វើបានឬអត់ ហើយគេនៅតែប្រឹងប្រែងដូចសព្វដង ដើម្បីជួយក្រុមមិនមែនតែការបានរង្វាន់ឯកត្តជនខ្លួនឯងទេ។

អតីតខ្សែប្រយុទ្ធខេមបូឌានថាយហ្គឺរ និងអាស៊ីអឺរ៉ុបយូណាយធីតដដែលទទួលស្គាល់ថា មិនមែនជារឿងងាយស្រួលទេក្នុងការប្រជែងយកស្បែកជើងមាស តែអ្វីសំខាន់នោះ គឺការខិតខំប្រឹងប្រែង។

Privat រៀបរាប់ "៖ ឥឡូវហ្នឹងមានតែព្រះទេដែលដឹងរឿងហ្នឹង។

មានតែព្រះទេដឹងថា ខ្ញុំមានឱកាសឬអត់។ ខ្ញុំតែងតែខិតខំប្រឹងប្រែង មិនមែនរឿងបានស្បែកជើងមាសទេ គឺជួយក្រុមទាំងមូលតែម្ដង។ ពិតមែនហើយ អ្វីគ្រប់យ៉ាង គឺពិតជាលំបាក ហើយគ្មានអ្វីដែលបានមកស្រួលៗទេ។ យើងត្រូវតែមានទំនុកចិត្ត និងការខិតខំប្រឹងប្រែង។"

គួរដឹងដែរថា Privat Mbarga ដណ្ដើមបានស្បែកជើងមាស Metfone Cambodian League ២លើកជាប់គ្នាក្នុងរដូវកាល២០១៩ និង២០២០។ រដូវកាលនេះ គេរកបាន១១គ្រាប់ហើយពីការប្រកួត១០លើកសម្រាប់ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖ CNCC