កែវ សារ៉ាត់ "ខ្ញុំចូលហាត់បាល់ដំបូងអត់មានស្បែកជើងពាក់ទេ ព្រោះឪពុកម្ដាយខ្វះខាតខ្លាំង"

ទម្រាំតែបានក្លាយទៅជាកីឡាករបាល់ទាត់អាជីពលេងនៅក្លិបធំមួយក្នុងក្របខណ្ឌ Metfone Cambodian League និង មានប្រាក់ខែសមរម្យ ខ្សែការពារវ័យ ក្មេង កែវ សារ៉ាត់ បានឆ្លងកាត់ការតស៊ូយ៉ាងខ្លាំង ដោយមានទាំងការ ដើរទៅហ្វឹកហាត់ និង មិនមានស្បែកជើងពាក់ដូចគេទេ។

គេថា ពេលចូលហាត់បាល់ ដំបូងក្នុងក្រុមយុវជនខេត្តកំណើតស្វាយរៀងអំឡុងឆ្នាំ២០១១/២០១២ គេមិនមានស្បែកជើងពាក់ដូចគេឡើយ ព្រោះកាលណោះគ្រួសារមានជីវភាពខ្វះខាតខ្លាំង ដោយឪពុកជាសន្តិសុខ និងម្ដាយលក់បង្អែមបានចំណូលតិចតួច ហើយថ្ងៃខ្លះលក់មិនដាច់ថែមទៀត។ ម្យ៉ាងលោកទាំង២ក៏មិនចង់ឲ្យលេងបាល់ទាត់ផង។

សមាជិកក្រុមអង្គរថាយហ្គឺរបន្ថែមថា  ពេលទៅហាត់ម្ដងៗ គេ និងមិត្តភក្តិឯទៀតត្រូវដើរពីផ្ទះទៅស្តាតរយៈពេលកន្លះម៉ោង ព្រោះមិនមានកង់ជិះឡើយ។ ក្រោយមកគេបានជាប់ក្នុងក្រុមយុវជនប្រចាំខេត្ត អាយុក្រោម១៣ឆ្នាំ និងបាន ប្រកួតពានរង្វាន់នានា។ ដល់ឆ្នាំ២០១៦ កីឡាករវ័យ២២ឆ្នាំត្រូវបានជ្រើសរើសចូលក្រុមយុវជនអាយុ១៦ឆ្នាំព្រះខ័នរាជស្វាយរៀង និងទទួល បាន ប្រាក់ឧបត្ថម្ភ១ម៉ឺនរៀលក្នុងការហ្វឹកហាត់មួយថ្ងៃ ព្រោះនៅកម្រិតយុវជននៅឡើយ។ រដូវកាល២០១៨ គេបានផ្ទេរទៅក្រុមធំអាស៊ីអឺរ៉ុបយូណាយធីតក្នុងកិច្ចសន្យាខ្ចី មុនផ្លាស់ជាផ្លូវការនៅឆ្នាំ២០១៩។ ក្នុងរយៈពេលពីរឆ្នាំនៅ AEU Sports Park គេទទួលបានទំនុកចិត្តពីគ្រូបង្គោល សុក វាសនា ចូលលេងជាជម្រើស១១នាក់ដំបូងមិនសូវអាក់ខាន។ 

ដល់ឆ្នាំ២០២០ សារ៉ាត់ បានផ្ទេរទៅអង្គរថាយហ្គឺរជាផ្លូវការដល់បច្ចុប្បន្ន។ ការចូលលេងក្រុមធំបែបនេះ កែវ សារ៉ាត់ ចាប់ផ្ដើមទទួល បាន ប្រាក់ខែសមរម្យ ហើយនៅអង្គរថាយហ្គឺរវិញ ក៏បានផ្ដល់កន្លែងស្នាក់នៅ និងហូបចុកថែមទៀត ដែលធ្វើឲ្យគេ អាចជួយសម្រាលបន្ទុក គ្រួសារ ដោយ ឆ្លៀតផ្ញើទៅម្ដាយ ៥០ភាគរយ នៃប្រាក់ខែរបស់គេ ។ អ្វីដែលគួរឲ្យស្ដាយនោះ ឪពុករបស់គេបានចែកឋានជិត២ឆ្នាំទៅហើយ។ 

កែវ សារ៉ាត់ ក៏ធ្លាប់ជាប់បញ្ជីបឋមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំដែរ កាលដើមឆ្នាំ២០១៩ និងបានហ្វឹកហាត់ក្រោមការបង្វឹកពីក្រុមការងារលោក Keisuke Honda តែមិនបានជាប់ឈ្មោះដល់បញ្ជីចុងក្រោយឡើយ៕

អត្ថបទ៖ CNCC