អតីតកីឡាករភ្នំពេញក្រោន ជា ច័ន្ទដារ៉ា កំពុងជួយបង្ហាត់យុវជនក្រុមសូហ្វីយ៉ាប៉ៃលិន

អតីតខ្សែការពារជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ជា ច័ន្ទដារ៉ា ប្រាប់ថា បាន ដកខ្លួនពីបាល់ទាត់កម្រិតអាជីពមួយរយៈដើម្បីទុកពេលថែរក្សាកាយសម្បទារបស់ ខ្លួន ឲ្យល្អ១០០ភាគរយឡើងវិញ បន្ទាប់ពីមានបញ្ហារបួសជង្គង់ច្រើនលើកច្រើនសា។

ក្រោយចែកផ្លូវគ្នាជាមួយភ្នំពេញក្រោនច្រើនខែមក កីឡាករ មានកំណើតនៅខេត្តបាត់ដំបងកំពុងមានវត្តមាន ក្នុងក្រុមសូហ្វីយ៉ាប៉ៃលិន ដោយចូលរួមបង្ហាត់យុវជនផង និងឆ្លៀតហ្វឹកហាត់រក្សាកម្លាំងខ្លួនឯងផង។

ដារ៉ា ថ្លែងបែបនេះ "៖ ខ្ញុំឈប់នៅភ្នំពេញក្រោនច្រើនខែហើយ។

ខ្ញុំមកសូហ្វីយ៉ាប៉ៃលិននេះ ខ្ញុំហាត់រក្សាកម្លាំងខ្លួនឯងផងឲ្យឆាប់បាន fit និងជួយបង្ហាត់យុវជនផង។ អ្នកគ្រប់គ្រងក្រុមសូហ្វីយ៉ាទាក់ទងខ្ញុំឲ្យទៅជួយបង្ហាត់ក្មេងៗ។ ឥឡូវកាយសម្បទាខ្ញុំចាប់ផ្ដើមរឹងមាំឡើងវិញហើយ។ កន្លងមក មានក្លិបផ្សេងទាក់ទងមកដែរ តែទាល់តែដាច់រដូវកាល បានច្បាស់។"

គួររំឭកថា ជា ច័ន្ទដារ៉ា បានចូលរួមជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន ចុងឆ្នាំ២០១៤ និងបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំទៅចូលរួមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ២០១៦នៅប្រទេសវៀតណាម ឬ AFF U19 Championship 2016។ ក្រោយវិលពីពានរង្វាន់អន្តរជាតិខាងលើ  គេត្រូវបាន ដំឡើងចូលក្រុមធំភ្នំពេញក្រោន  ក្នុងរដូវកាល២០១៧។ 

ជារឿងគួរឲ្យស្ដាយ ចាប់តាំងពីឆ្នាំដដែលនោះ ដារ៉ា បានជួបបញ្ហារបួសម្ដងហើយម្ដងទៀត ជាពិសេសទាក់ទងទៅនឹងជង្គង់។ សូម្បីតែរូបគេផ្ទាល់ក៏ហួសចិត្តនឹកស្មានមិនដល់ដូចគ្នា។ 

ដោយឡែកសម្រាប់សូហ្វីយ៉ាប៉ៃលិន គឺជាក្រុមបាល់ទាត់ មួយដែលបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត៕

អត្ថបទ៖ CNCC