លោក សុក វាសនា "៖ Kanta និង Yuya មិនចេះតវា មិនចេះរអ៊ូ ដឹងតែពីប្រឹងហាត់ និងលេង១០០ភាគរយ"

ខ្សែបម្រើ Kanta Asami និង ខ្សែការពារ Yuya Kuriyama គឺជាកម្លាំងសំខាន់របស់អាស៊ីអឺរ៉ុបយូណាយធីត ហើយរាល់ការប្រកួតក្នុងក្របខណ្ឌ Metfone Cambodian League អ្នកទាំង២តែងតែលេង១០០ភាគរយ និងជួយដល់ក្រុមបានច្រើន។

ក្រៅពីបង្ហាញការប្រឹងប្រែងអស់ពីសមត្ថភាពនៅលើទីលាន លោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីត ថ្លែងថា កីឡាករជនជាតិជប៉ុនទាំង២រូបក៏មានទម្លាប់ល្អ ដោយមិនចេះតវា រអ៊ូរទាំ ដឹងតែប្រឹងហ្វឹកហាត់។

គ្រូបង្វឹក ខាងលើលម្អិតពី Kanta Asami បែបនេះ "៖ គាត់ជួយបានច្រើនក្នុងតំបន់បម្រើ និងការពារ។

ពេលគាត់មកដំបូងៗ យើងដាក់គាត់លេងប្រយុទ្ធ តែមួយឆ្នាំកន្លះមកនេះ យើងដាក់គាត់បម្រើការពារវិញហើយជួយបានច្រើន អ៊ីចឹងក៏ដាក់គាត់លេងបម្រើការពាររហូតមក។ សមត្ថភាពរបស់គាត់អាចទទួល យកបាន។ គាត់ចិត្តធំណាស់ ពេលលេងម្ដងៗ ពេលចប់ប្រកួតអី គាត់សឹងតែវារចេញពីទីលាន។ ប្រកួតខ្លះពេលចប់អី យើងចង់ភ័យពីគាត់វិញ បើត្រូវសង្គ្រោះបន្ទាន់អី យើងត្រូវត្រៀមសង្គ្រោះគាត់តែម្ដង។ ពេលខ្លះដូរគាត់ គាត់ចង់ខឹងយើងដែរ តែយើងពន្យល់គាត់ ព្រោះគាត់លេងអស់ហើយ អ៊ីចឹងត្រូវតែប្ដូរគាត់។ ដល់ពេលពន្យល់គាត់អ៊ីចឹងទៅ ទើបគាត់យល់ស្របជាមួយយើងវិញ។" 

ទាក់ទងទៅនឹងខ្សែការពារ Yuya Kuriyama វិញ លោក សុក វាសនា លម្អិតបែបនេះ "៖ Yuya លេងការពារស្លាប។ គាត់ជួយឡើង ជួយ assist អីបានច្រើនដែរ ។ គាត់ក៏ចិត្តធំដូច Kanta ដែរ លេង១០០ភាគរយ ទាល់តែអស់ៗ។ ពេលបាត់បាល់អីដេញតាម ឡើងលើចុះក្រោមៗ។ សម្រាប់អ្នកទាំង២ អត់ចេះរអ៊ូ អត់ចេះតវាអីទេ។ ដឹងតែហាត់ លេងសើចធម្មតា និង ប្រឹងប្រែង។ នេះជាចរិតរបស់ពួកគាត់។"

គួរដឹងដែរថា Kanta Asami បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតក្នុងរដូវកាល២០២០ ខណៈ Yuya Kuriyama បានបង្ហាញវត្តមានក្នុងរដូវកាល២០២១នេះ។ ៨ប្រកួតកន្លងទៅ Kanta លេងបាន៦៧៥នាទី ពោលពេញ៩០នាទី៤ប្រកួត និងប្ដូរចេញ៤ប្រកួត។ ចំណែក Yuya បានលេងពេញ៩០នាទីទាំង៨ប្រកួតតែម្ដង៕

អត្ថបទ៖ CNCC