គ្រូបង្វឹក AEU៖ «វិបត្តិកូវីដធ្វើឲ្យប៉ះពាល់ដល់ពេលវេលា និងថវិកា តែយើងរីករាយនឹងចូលរួមទប់ស្កាត់»

គ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីត លោក សុក វាសនា បានឲ្យដឹងថា ស្ថានភាពកូវីដនៅក្នុងរដូវកាលនេះ បានធ្វើឲ្យប៉ះពាល់ច្រើនដល់លីគកំពូលកម្ពុជា ពិសេសក្លិបនីមួយៗ។

លោកថា ក្លិបត្រូវចំណាយទាំងពេលវេលា និងធនធានច្រើនជាងមុន តែក៏ពេញចិត្តនឹងសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរួមគ្នាបញ្ចប់កូវីដ-១៩។

«កូវីដបានធ្វើឲ្យប៉ះពាល់ដល់យើងយ៉ាងច្រើន ជាក់ស្ដែងបញ្ហាការហ្វឹកហាត់ គឺពុំមានពេលគ្រប់គ្រាន់ដូចកាលមិនទាន់មានវាទេ។

ចំណែកការប្រកួតទៀតសោត ក៏ត្រូវពន្យារ ឬលើកពេលទៅតាមស្ថានការណ៍ជាក់ស្ដែង។ ក្រៅពីនោះយើងត្រូវចំណាយបន្ថែម ទៅលើការទិញឧបករណ៍តេស្ត សម្រាប់កីឡាករ និងបុគ្គលិកទាំងអស់មុនពេលប្រកួតម្ដងៗ»។

បែបណាក្ដី អតីតគ្រូបង្វឹកយុវជនព្រះខ័នរាជស្វាយរៀងខាងលើ បានបង្ហាញពីភាពវិជ្ជមានមួយ អំឡុងពេលវេលាដ៏លំបាកនេះ។ លោកលើកឡើងថា ៖ «បើទោះជាជួបបញ្ហាដូចរៀបរាប់ខាងលើក្ដី តែខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ មានសេចក្ដីរីករាយដោយពួកយើងបានចូលរួមទប់ស្កាត់ ពុំឲ្យមានការឆ្លងទ្រង់ទ្រាយធំក្នុងក្លិប ក៏ដូចជាគ្រួសារបាល់ទាត់កម្ពុជាយើងទាំងមូល»។

លោក សុក វាសនា ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ផងដែរថា បើយោងទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាការចូលរួមល្អពីប្រជាពលរដ្ឋម្នាក់ៗ ស្ថានភាពរបស់កម្ពុជានឹងត្រលប់ទៅដូចដើមវិញឆាប់ៗនេះ៕

អត្ថបទ៖ CNCC