ទោះខ្វះកីឡាករបរទេស ឈិន ឈឿន ជឿថា សមាជិកក្នុងស្រុកដែលនៅសល់ អាចបំពេញការងារបានល្អ

កីឡាករបរទេសរបស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនៅសល់តែ៣នាក់ប៉ុណ្ណោះ បន្ទាប់ពីការចាកចេញរបស់ពី ខ្សែប្រយុទ្ធប្រេស៊ីល Cristiano Sergipano Santos និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata ហើយកីឡាករបរទេសថ្មី២រូបផ្សេងទៀតក៏មិនទាន់អាចបង្ហាញខ្លួនបាននៅឡើយ ដោយត្រូវរង់ចាំដល់ប្រកួតទី១ ជើងទី២ នៃក្របខណ្ឌ Metfone Cambodian League ២០២១។

នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ក្រុមរបស់អ្នកចាត់ការទូទៅ Lee Tae-hoon នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Smart RSN សម្រាប់ជំនួបតទល់ម្ចាស់ផ្ទះភ្នំពេញក្រោន។

ទោះនៅសល់កីឡាករបរទេសតិចតួច ខ្សែបម្រើ ឈិន ឈឿន គិតថា កីឡាករក្នុងស្រុកឯទៀតក៏មានសមត្ថភាពបំពេញចន្លោះខ្វះខាតដែរ។

ឈិន ឈឿន ថ្លែងបែបនេះ "៖  វាជារឿងពិបាកមួយដែរហើយបន្ទាប់ពីការចាកចេញរបស់កីឡាករបរទេស២នាក់ អ៊ីចឹងវាប៉ះពាល់ខ្លះដែរ ព្រោះអត់មានកីឡាករបរទេសគ្រប់គ្រាន់។

តែគ្រូក៏ត្រៀមរួចរាល់សម្រាប់អ្នកជំនួសកីឡាករបរទេស។ ចឹងសម្រាប់ការប្រកួតទល់ជាមួយភ្នំពេញក្រោនហ្នឹង យើងមានកីឡាករ ក្នុងស្រុកត្រៀមខ្លួនរួចរាល់អស់ហើយ។ ពួកគាត់អាចលេងបាន ទោះបទពិសោធគាត់មិនទាន់គ្រប់គ្រាន់។ យើងត្រៀមខ្លួនរួចរាល់ច្រើនសប្ដាហ៍ហើយ។ អ៊ីចឹងវានឹងក្លាយជាបទពិសោធមួយដ៏ល្អសម្រាប់ពួកគាត់បង្កើនសមត្ថភាព និងបង្ហាញដល់គ្រូ និងក្រុមជម្រើសជាតិ ព្រោះពួកគាត់សុទ្ធតែមានសក្ដានុពលទៅថ្ងៃមុខ។"

ម្ចាស់អាវលេខ១៧ដដែលបង្ហើបថា ខ្សែបម្រើប្រយុទ្ធ Romario Alves និងខ្សែប្រយុទ្ធ ណារ៉ុង កក្កដា បានហ្វឹកហាត់ជាមួយក្រុមដោយរលូនល្អឡើងវិញហើយ បន្ទាប់ពីមានបញ្ហារបួសអំឡុងជំនួបទល់នគរបាលជាតិ ។ សម្រាប់ជំនួបតទល់ ភ្នំពេញក្រោនវិញ ឈិន ឈឿន ទទូចថា ក្រុមរបស់ គេនឹងលេងដោយគ្មានសម្ពាធ ព្រោះធ្លាប់ឈ្នះម្ចាស់ផ្ទះមួយនេះនៅ Smart RSN ពីមុនដែរ។ យ៉ាងណា សមាជិកទាំងអស់នៅតែរក្សាការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បី៣ពិន្ទុដ៏សំខាន់។

គួរបញ្ជាក់ថា ក្របខណ្ឌ Metfone Cambodian League 2021 ចាប់ផ្ដើមសាជាថ្មីពីថ្ងៃទី២៩ ខែសីហា តទៅ។ នៅថ្ងៃដដែលនេះមានការប្រកួតមួយគូប៉ុណ្ណោះ រវាងភ្នំពេញក្រោន និង សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ វេលាម៉ោង៦ល្ងាច៕

អត្ថបទ៖ CNCC