បន្ទាយមានជ័យប្រមូលផ្ដុំហាត់ជិតមួយខែហើយ និងអនុវត្តគោលការណ៍សុវត្ថិភាពយ៉ាងត្រឹមត្រូវ

លោក ឈឹម យៀក គ្រូបង្គោលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យឲ្យដឹងថា បានប្រមូលផ្ដុំកូនក្រុមហ្វឹកហាត់ ជិតមួយខែមកហើយ ត្រៀមចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ថ្នាក់ខេត្ត ២០២១ ដែល ត្រូវបាន ផ្អាកមួយរយៈធំដើម្បីទប់ស្កាត់ការរាលត្បាតជំងឺកូវីដ១៩។

ក្នុងការប្រមូលផ្ដុំហ្វឹកហាត់នេះ ក្រុមក៏បានធ្វើតេស្ដកូវីដ១៩យ៉ាងទៀងទាត់ដើម្បីធានាសុវត្ថិភាពដល់សមាជិកទាំងអស់ផងដែរ។

គ្រូបង្វឹកក្រុមលេខ២ពូល "ខ" ប្រាប់ថា មុនចូលរួមហាត់ជុំគ្នាសាជាថ្មី ក្រុមការងារក៏បាន បែងចែកកម្មវិធីហ្វឹកហាត់ ដោយខ្លួនឯងដល់កីឡាករគ្រប់គ្នាអនុវត្តតាមផ្ទះ។

យ៉ាងណា លោកទទួល ស្គាល់ពីការធ្លាក់ចុះ កម្លាំង និងបច្ចេកទេស  ដោយសារមិនបានហាត់ជុំគ្នាដោយផ្ទាល់។ ដូច្នេះហើយអំឡុងនេះ លោកបាន ផ្ដោតលើ ការស្ដារកាយសម្បទា និងបច្ចេកទេស ឡើងវិញដល់កូនក្រុម។ 

ជុំវិញការចាកចេញរបស់  Top Scorer ផាន សុផេន ទៅកាន់ ក្រុមព្រៃវែងអេហ្វស៊ីនៃក្របខណ្ឌ Metfone Cambodian League វិញ លោក ឈឹម យៀក អះអាងថា មិនចោទជាបញ្ហាប៉ុន្មានទេដល់ក្រុម ព្រោះសមត្ថភាពកូនក្រុមទាំងអស់មិនដាច់គ្នាខ្លាំងប៉ុន្មានឡើយ។ ប៉ុន្តែលោកក៏ទទួលស្គាល់ពីភាពលេចធ្លោជាងគេរបស់សុផេន ជាពិសេសសមត្ថភាពបញ្ចប់ទី។ ក្នុងការប៉ះប៉ូវចន្លោះខ្វះខាតក្រោយការចាកចេញរបស់សុផេន លោក ឈឹម យៀក បានត្រៀមផែនការរួចរាល់អស់ហើយ។

ទោះខកខានប្រកួតរយៈពេលវែង និងមានបញ្ហារាលដាលជំងឺកូវីដ១៩ផងនោះ លោក ឈឹម យៀក ទទូចថា កូនក្រុមទាំងអស់នឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបំពេញភារកិច្ចក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន  ថ្នាក់ខេត្តដ៏ធំនេះ។ 

គួរដឹងដែរថា ក្នុងការប្រកួតប្រជែងប្រចាំពូល "ខ" កន្លងមក បន្ទាយមានជ័យ មាន ១០ពិន្ទុពីការប្រកួត៥លើក៕

អត្ថបទ៖ CNCC 
ប្រភពរូ​ប៖ ជម្រើសខេត្តបន្ទាយមានជ័យ - BMC FC