Tardin ធូរស្បើយពីរបួស និងរំពឹងអាចជួយគិរីវង់ក្នុងជំនួបវិសាខា

ខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ Douglas Rosa Tardin ប្រាប់ថា បានធូរស្បើយពីបញ្ហាសរសៃជង្គង់ដែលកើតឡើងអំឡុងការប្រកួតតទល់បឹងកេត កាលដើមខែកក្កដា កន្លងទៅ ហើយបច្ចុប្បន្នកំពុងហ្វឹកហាត់ដើម្បីវិលទៅកាន់ស្ថានភាព១០០ភាគរយវិញ។ 

គិរីវង់សុខសែនជ័យនឹងទទួល ភ្ញៀវវិសាខាក្នុងការប្រកួត Metfone Cambodian League 2021 នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ខាងមុខ។

Tardin អះអាងថា ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតតទល់ក្រុមកំពូលតារាងវិសាខា តែថា អ្វីៗស្ថិតលើការសម្រេចពីគ្រូបង្គោល។

កីឡាករប្រេស៊ីលរូបនេះរៀបរាប់ "៖ខ្ញុំបានធូរស្បើយពីរបួសហើយ ឥឡូវកំពុងហាត់ឲ្យវាបាន១០០ភាគរយវិញ។

ខ្ញុំអាចចូលលេងបាន ប៉ុន្តែវាក៏អាស្រ័យទៅលើការសម្រេចចិត្តពីគ្រូបង្វឹកដែរ។"

Douglas Rosa Tardin បានចូលរួមជាមួយគិរីវង់សុខសែនជ័យក្នុងរដូវកាល២០២១នេះ និងលេងបាន៤ប្រកួតដែលក្នុងនោះពេញម៉ោង៣ប្រកួតពេលប៉ះអាស៊ីអឺរ៉ុបយូណាយធីត, អង្គរថាយហ្គឺរ និងព្រៃវែងអេហ្វស៊ី។ ចំណែកជំនួបតទល់បឹងកេតវិញ គេលេងបាន ៦៥នាទី មុនប្ដូរចេញដោយសាររបួស។ កីឡាករធ្លាប់ប្រកបអាជីពនៅស្វីស និងវៀតណាម រកបាន៣គ្រាប់ក្នុងចំណោមការចូលលេង៤ប្រកួតនោះ។

ដោយឡែក គិរីវង់សុខសែនជ័យ ប្រកួតបាន៩លើកហើយនៅ MCL រដូវកាលនេះ ដោយឈ្នះ៤ និងចាញ់៥ មាន១២ពិន្ទុ ឈរលេខ៨៕

អត្ថបទ៖ CNCC