សៀមរាបអេហ្វស៊ីជ្រើសរើសការផ្ដុំស្នាក់នៅជុំគ្នាដើម្បីត្រៀមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

គិតមកទល់ពេលនេះ មានរយៈពេល១ខែកន្លះមកហើយដែលសមាជិកក្រុមសៀមរាបអេហ្វស៊ី មានទាំងគណៈគ្រប់គ្រង, ក្រុមការងារគ្រូបង្វឹក និងកីឡាករ បានស្នាក់នៅជុំគ្នានៅទីតាំងផ្ទាល់ខ្លួន ដើម្បីត្រៀមចូលរួមសាជាថ្មីក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ក្រោយសម្រាកពីការទប់ស្កាត់កូវីដ១៩មួយរយៈធំមក។

ទោះចំណាយច្រើនលើការហូបចុកប្រចាំថ្ងៃ លោក Blaed Perkins ស្ថាបនិកក្រុមអះអាងថា ការប្រមូលផ្ដុំបែបនេះពិតជាល្អក្នុងការសម្រួចសមត្ថភាពកូនក្រុមទាំងអស់ ជាពិសេសរក្សា fitness ដែលបានធ្លាក់ចុះបន្តិចអំឡុងការបិទខ្ទប់កន្លងមក និងមានសុវត្ថិភាពខ្ពស់ថែមទៀត។

លោកថា អំឡុងបិទខ្ទប់ ម្នាក់ៗអាចហាត់តែខ្លួនឯងតាមផ្ទះ ធ្វើឲ្យ ប៉ះពាល់ដល់កម្លាំង និងបច្ចេកទេស ប៉ុន្តែបច្ចុប្បន្នបានប្រសើរឡើងវិញហើយ។ 

សម្រាប់កូនក្រុមវិញ បុរសជនជាតិអូស្ត្រាលីប្រាប់ថា មានតែ២នាក់ប៉ុណ្ណោះជាអ្នកធ្វើការ ដោយអ្នកផ្សេងទៀតអាចស្នាក់នៅជុំគ្នាពេញលេញបាន។

ក្រុមលោកក៏តាមដានសុខភាពសមាជិកគ្រប់រូបជាប្រចាំដែរដើម្បីធានាថា គ្រប់គ្នាមានសុវត្ថិភាព១០០ភាគរយពីជំងឺកូវីដ១៩។ ជុំវិញកម្មវិធីហ្វឹកហាត់វិញ លោក Blaed Perkins បញ្ជាក់ថា ប្រព្រឹត្តទៅពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និង២ពេលក្នុងមួយថ្ងៃ។ 

គួរដឹងដែរថា ក្នុងការប្រកួតវិលជុំសន្សំពិន្ទុវគ្គចែកពូលកន្លងមក សៀមរាបអេហ្វស៊ី មាន៦ពិន្ទុពីការប្រកួត៣លើក ឈរកំពូលតារាងពូល "គ" ស្មើក្រុមលេខ២ឧត្តរមានជ័យ។ ចំណែកកំពង់ធំ មាន៣ពិន្ទុ ស្ថិតនៅក្រោមគេក្នុងពូលដែលមានតែ៣ក្រុម៕

អត្ថបទ៖ CNCC