កីឡាករកីឡាការិនីប្រដាល់សកលជាង១០០នាក់ ចូលរួមប្រជែងជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

 

CAMSOC-ភ្នំពេញ៖ កីឡាករ កីឡាការិនីប្រដាល់សកលសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់បានត្រៀមចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។

នៅក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេស-ចាប់ឆ្នោត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២២ ខែធ្នូនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលគូសបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមសរុប១០៤នាក់ មកពី២១ក្លិប-សមាគម ដែលចំនួននេះបានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបព្រឹត្តិការណ៍ដូចជា កាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

អគ្គលេខាធិការដដែលបន្ថែមថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសថ្ងៃនេះ គឺគណៈកម្មការបច្ចេកទេស ជាពិសេសគឺលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានណែនាំឲ្យគ្រប់ក្លិប-សមាគមទូទាំងប្រទេស ដែលចូលរួមប្រកួតក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការកូវីដ-១៩របស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរបំផុត៕