សហព័ន្ធកីឡាហុកគីធ្វើតេស្ដក្រុមជម្រើសជាតិនារី ត្រៀមរប្រមូលផ្ដុំហ្វឹកហាត់ ប្រចាំឆ្នាំ២០២២

 

CAMSOC-ភ្នំពេញ៖ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា សហព័ន្ធបានប្រកួតធ្វើតេស្ដគុណភាពបច្ចេកទេស ក្រុមកីឡាការិនីជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីស្វែងរកកីឡាការិនីប្រកបដោយបច្ចេកទេសល្អៗ ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ឆ្នាំ២០២២។

លោកអគ្គលេខាធិការបន្ថែមទៀតថា នេះជាការធ្វើតេស្ដរៀងរាល់ឆ្នាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសរបស់កីឡាហុកគី តាមរយៈការប្រកួតរវាងក្រុមកីឡាការិនីជម្រើសជាតិ និងកីឡាការិនីមួយចំនួន ដែលសហព័ន្ធបានជ្រើសរើស មកពីបណ្ដាក្លិបនានា។

លោក កាំង សុធា សង្កត់ធ្ងន់ថា ការប្រកួតធ្វើតេស្ដនេះ គឺដើម្បីប្រកួតប្រជែងគ្នា និងសម្រិតសម្រាំងរកកីឡាការិនី ដែលមានសិទ្ធផលល្អៗ ហើយសហព័ន្ធនឹងបន្ដរក្សាទុក សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ឆ្នាំ២០២២ ខណៈកីឡាការិនីណាដែលធ្លាក់ចុះគុណភាពបច្ចេកទេស សហព័ន្ធនឹងផ្លាស់ប្ដូរ ស្របតាមនិយាមបច្ចេកទេសរបស់កីឡាហុកគី។

សម្រាប់កីឡាការិនី ដែលមិនបានជាប់ឈ្មោះប្រមូលផ្ដុំជម្រើសជាតិ ឆ្នាំ២០២២នោះ សហព័ន្ធបានលើកទឹកចិត្ត ដោយគប្បីប្រឹងប្រែងបន្តការហ្វឹកហាត់ឲ្យបានល្អប្រសើរឡើងវិញ ក្នុងគោលដៅបន្ថែមឲ្យបាននូវកម្រិតសមត្ថភាពបច្ចេកទេស និងគុណផលរបស់ខ្លួន ក្នុងការចូលរួមប្រកួតប្រជែង នាឆ្នាំបន្ទាប់។

អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ចុងក្រោយថា ប្រភេទកីឡាកីឡាអូឡាំពិករបស់កម្ពុជាមួយនេះ តាមពិតទៅ គឺមានទាំងក្រុមកីឡាករ និងក្រុមកីឡាការិនី ប៉ុន្តែដោយសារក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការឧបត្ថម្ភលើគោលការណ៍ ប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិសម្រាប់តែក្រុមកីឡាការិនីប៉ុណ្ណោះ ដែលមាន១១នាក់ និងគ្រូបង្វឹក ២នាក់។

ជាមួយគ្នានោះ គណៈកម្មាធិការធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានផ្ដល់គ្រូបង្វឹកបរទេសកម្រិតខ្ពស់មួយរូប ដើម្បីជំរុញឲ្យការហ្វឹកហាត់នេះ កាន់តែប្រកបដោយគុណភាពខ្ពស់ ក្នុងប្រយោជន៍គោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕ ប្រភពរូបភាព៖@YuenPunlue