អូឡាំពិកកម្ពុជាបន្តរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក នៅអនុវិទ្យាល័យវត្តដំបូកខ្ពស់

 

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយអនុវិទ្យាល័យវត្តដំបូកខ្ពស់ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក ដែលមានការចូលរួមពីសិស្សានុសិស្សជាច្រើននាក់ ដើម្បីទទួលបាននូវចំណេះដឹងពីចលនាអូឡាំពិក គុណប្រយោជន៍នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោក សោម សុទ្ធ នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានលើកឡើងថា នេះជាឆ្នាំទី២ ដែលវិទ្យាល័យវត្តដំបូកខ្ពស់ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកនាយកអនុវិទ្យាល័យបន្ថែមថា សាលាយើងខ្ញុំមានកម្មវិធីកីឡា ២ម៉ោងក្នុង១សប្តាហ៍ ពីព្រោះការអប់រំ និងកីឡា បានផ្សាភ្ជាប់គ្នា ដើម្បីឆ្ពោះទៅគោលដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។

នៅក្នុងការបញ្ជ្រាបចំណេះដឹងពីគុណតម្លៃអូឡាំពិក ឆ្នាំទី២នេះ លោកនាយកបានអះអាងថា គ្រាន់តែឮថា ខាង NOCC ចុះមករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្សមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ពីចំណេះដឹងគុណតម្លៃអូឡាំពិក។

«ពួកគាត់ចង់ចូលរួមច្រើនណាស់ ប៉ុន្តែខ្ញុំបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ។

ខ្ញុំអរណាស់ ចំពោះការបង្រៀនរបស់ក្រុមគ្រូឧទ្ទេសមកពី NOCC ហើយខ្ញុំនឹងត្រៀមសិស្សានុសិស្សទាំងអស់ អោយបានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើង ឲ្យទទួលបានជោគជ័យផងដែរ»។ លោក សោម សុទ្ធ បានបន្ថែម៕ ប្រភពរូបភាព៖@YuenPunlue